បណ្តាញសង្គម

រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ ធ្វើទស្សនកិច្ចនៅជប៉ុន ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៩

រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ កាលពីថ្ងៃចន្ទ បានបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៩មក ដើម្បីជួបពិភាក្សាជាមួយ ក្រុមមន្ត្រីជាន់ខ្ពស់ជប៉ុន ខណៈជំនួបជាមួយនាយករដ្ឋមន្ត្រី លោក ហ្វូមីអុ គីស៉ីដា ក៏ត្រូវបានរាយការណ៍ផងដែរ។

គោលបំណងនៃការបំពេញទស្សនកិច្ចដ៏កម្ររបស់រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក ហូសេន អាមៀ អាប់ឌុលឡាហ៉ីយ៉ាន ទៅកាន់ប្រទេសជាសមាជិក G7 ដូចជាជប៉ុន មិនត្រូវបានប្រកាសឱ្យដឹងនោះទេ ប៉ុន្តែមានសេចក្ដីរាយការណ៍ថា ជប៉ុន នឹងដាក់សម្ពាធឱ្យអ៉ីរ៉ង់បញ្ឈប់ការផ្គត់ផ្គង់អាវុធឱ្យរុស្ស៉ី។

បន្ថែមពីលើនេះ ក្រសួងការបរទេសជប៉ុន បានឱ្យដឹងដែរថាលោក អាមៀ អាប់ឌុលឡាហ៉ីយ៉ាន នឹងត្រូវជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន លោក យ៉ូស៊ីម៉ាសា ហាយ៉ាស៉ិ ព្រមទាំងចូលជួបសម្ដែងការគួរសមដល់លោក គីស៊ីដា ផងដែរ។

សូមបញ្ជាក់ថា ជប៉ុន និងអ៉ីរ៉ង់ បានរក្សាទំនាក់ទំនងមិត្តភាពជាប្រពៃណី បើទោះជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ទីក្រុងតូក្យូ គឺសហរដ្ឋអាមេរិក កំពុងមានភាពតានតឹង ជាមួយទីក្រុងតេហេរ៉ង់ក៏ដោយ នេះបើតាមការផ្សាយរបស់ AFP ។