បណ្តាញសង្គម

ហ្វីលីពីន កោះហៅឯកអគ្គរដ្ឋទូតចិន ជុំវិញឧប្បត្តិហេតុប្រើកាណុងបាញ់ទឹកមក លើទូករបស់ខ្លួន នៅសមុទ្រចិនខាងត្បូង

 ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ចេអរ បានប្រាប់ឱ្យដឹងកាលពីថ្ងៃចន្ទថា ទីក្រុងម៉ានីល បានកោះហៅឯកអគ្គរដ្ឋទូតចិន ដើម្បីផ្តល់ការបកស្រាយ បន្ទាប់ពីនាវាឆ្មាំសមុទ្រចិន បានពាំងផ្លូវ ហើយប្រើ កាណុងបាញ់ទឹកដាក់មកលើទូករបស់ហ្វីលីពីន នៅឯតំបន់សមុទ្រចិនខាងត្បូង ដែលជាដែនទឹកមានបញ្ហា វិវាទ។

ឧប្បត្តិហេតុនោះ បានកើតឡើងកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ខណៈដែលឆ្មាំសមុទ្រហ្វីលីពីន បានអមដំណើរទូកមួយចំនួន ដែលដឹកស្បៀងអាហារ ទឹក ឥន្ធនៈ និងបរិក្ខារផ្គត់ផ្គង់ផ្សេងទៀត សម្រាប់កងទ័ពហ្វីលីពីន ដែលកំពុងឈរជើងនៅទីប្រជុំកោះ Spratly។

សូមបញ្ជាក់ថា យោធា និងឆ្មាំសមុទ្រហ្វីលីពីន បានចោទប្រកាន់កប៉ាល់ឆ្មាំសមុទ្រចិន ពីការបើកមកពាំងផ្លូវ និងការប្រើកាណុងបាញ់ទឹកមកលើបេសកកម្មរបស់ខ្លួន និងបានថ្កោលទោសសកម្មភាពរបស់កប៉ាល់ចិនថា ជាទង្វើខុសច្បាប់ និងប្រកបដោយគ្រោះថ្នាក់។

សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តជាប់សន្ធិសញ្ញារបស់ហ្វីលីពីន ព្រមទាំងចក្រភពអង់គ្លេស អូស្រ្តាលី និងសហភាពអឹរ៉ុប ក៏បាននាំគ្នាចេញមុខមករិះគន់លើ សកម្មភាពរបស់ទីក្រុងប៉េកាំងផងដែរ។

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ចិន បានលើកឡើងថា ខ្លួនបានចាត់វិធានគ្រប់គ្រង ដែលចាំបាច់ប្រឆាំងនឹងទូកហ្វីលីពីនទាំងឡាយ ដែលបានបំពានដោយខុសច្បាប់ចូលក្នុងដែនទឹករបស់ប្រទេសចិន នេះបើតាមការផ្សាយរបស់ AFP ។