បណ្តាញសង្គម

ជប៉ុន ត្រៀមខ្លួនរួចជាស្រេចរង់ចាំការមកដល់នៃខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំងរបស់ព្យុះទីហ្វុង Khanun

 តំបន់ជាច្រើនរបស់ជប៉ុន ក្នុងនោះរួមមានទាំងតំបន់ភាគកណ្ដាល កំពុងត្រៀមខ្លួនរួចជាស្រេចរង់ចាំការមក ដល់នៃព្យុះទីហ្វុង Khanun ដែលនឹងបក់បោកទៅក្បែរតំបន់ភាគនិរតីនៃប្រទេស កាលពីថ្ងៃអង្គារ ខណៈមន្ត្រីឧតុនិយមព្រមានពីការខូចខាតបង្កឡើងដោយសារខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំង។

ព្យុះទីហ្វុង Khanun កំពុងស្ថិតនៅចម្ងាយ១៦០គីឡូម៉ែត្រ ពីភាគឦសាននៃទីក្រុងអាម៉ាមិ ស្ថិតនៅភាគនិរតីប្រទេសជប៉ុន និងកំពុងធ្វើដំណើរសន្សឹមៗឆ្ពោះទៅកាន់ភាគខាងជើង។

ទីភ្នាក់ងារឧតុនិយមជប៉ុន បានឱ្យដឹងទៀតថា បន្ទាប់ពីបានវាយប្រហារលើខេត្ត Nagasaki ភាគខាងលិចនៃប្រទេសជប៉ុន ព្យុះទីហ្វុង Khanun ត្រូវបានគេព្យាករថា នឹងបក់បោកទៅកាន់តំបន់ឆ្នេរភាគខាងជើង ក្នុងដំណើរផ្លូវឆ្ពោះទៅកាន់កូរ៉េខាងត្បូង។

ព្យុះទីហ្វុង Khanun កំពុងថមថយចុះឥទ្ធិពលបន្តិចម្ដងៗ ប៉ុន្តែនៅតែមានកម្លាំងខ្យល់ល្បឿន ១០៨គីឡូម៉ែត្រក្នុងមួយម៉ោង ឬអាចកើនដល់ ១៤៤គីឡូម៉ែត្រក្នុងមួយម៉ោង។

សូមបញ្ជាក់ថា បើតាមការព្យាករ ព្យុះទីហ្វុង Khanun អាចនឹងនាំមកជាមួយនូវទឹកភ្លៀងកម្រិតចន្លោះពី ៣០០មីលីម៉ែត្រ ដល់៤០០មីលីម៉ែត្រ នៅថ្ងៃអង្គារ និងថ្ងៃពុធ សប្ដាហ៍នេះ នៅក្នុងតំបន់ ស៊ីកុគូ និង គ្យូស៊ុ ព្រមទាំងកម្រិតទឹកភ្លៀងពី ២០០មីលីម៉ែត្រ ដល់៣០០មីលីម៉ែត្រ នៅក្នុងទីក្រុង អាម៉ាមិ រួមទាំងតំបន់គីនគិ នៃភាគខាងលិចប្រទេសជប៉ុន និងតំបន់តូកៃ នៃតំបន់ភាគកណ្ដាល នេះបើតាមការផ្សាយរបស់ AFP ។