បណ្តាញសង្គម

បេឡារុស ផ្ដើមធ្វើសមយុទ្ធយោធា ក្បែរតំបន់ព្រំដែនជាប់ប៉ូឡូញ និងលីទុយអានី ខណៈភាពតានតឹងកើនឡើង

 យោធាបេឡារុស កាលពីថ្ងៃចន្ទ បានចាប់ផ្ដើមធ្វើសមយុទ្ធយោធា នៅក្បែរតំបន់ព្រំដែនរបស់ខ្លួនជាប់ជាមួយប៉ូឡូញ និងលីទុយអានី នៅចំពោះមុខភាពតានតឹងជាមួយប្រទេសជាសមាជិក NATO ទាំង២នេះ ជុំវិញការទទួលឱ្យទាហានស៊ីឈ្នួលរុស្ស៉ី Wagner ឈរជើងនៅលើទឹកដីបេឡារុស។

ប៉ូឡូញ និងបេឡារុស បានបង្កើនការរឹតបន្តឹងសន្តិសុខនៅតាមតំបន់ព្រំដែនរបស់ខ្លួនជាប់ជាមួយបេឡារុស ចាប់តាំងពីទាហានស៊ីឈ្នួល Wagner រាប់ពាន់នាក់ បានធ្វើដំណើរទៅដល់ប្រទេសបេឡារុស ក្រោមកិច្ចព្រមព្រៀងមួយ ក្រោយការបះបោរមិនបានសម្រេចប្រឆាំងនឹងរដ្ឋអំណាចរុស្ស៉ី កាលពីចុងខែមិថុនាកន្លងទៅ។

មេដឹកនាំនៃប្រទេសជាសមាជិក NATO ទាំង២នេះ បាននិយាយថា ពួកគេ បាន និងកំពុងត្រៀមខ្លួនទប់ស្កាត់សកម្មភាពបង្ករឿងពីសំណាក់រុស្ស៉ី និងបេឡារុស នៅក្នុងតំបន់ដ៏រសើបមួយ ជាទីដែលប៉ូឡូញ និងលីទុយអានីមានព្រំដែនជាប់បេឡារុស ព្រមទាំងតំបន់កាលីនីនក្រាដ ជាពិសេសក្រោយមានការចោទ ប្រកាន់ថាឧទ្ធម្ភាគចក្ររបស់បេឡារុស ២គ្រឿង ហោះបំពានចូលដែនអាកាសប៉ូឡូញ ក្នុងរយៈពេលខ្លី។

ប៉ុន្តែខាងបេឡារុស បានច្រានការចោទប្រកាន់នេះ។ សូមបញ្ជាក់ថា បើតាមយោធាបេឡារុស សមយុទ្ធយោធា ដែលបានចាប់ផ្ដើមកាលពីថ្ងៃចន្ទនោះ មានគោលដៅដកស្រង់បទពិសោធន៍ពីការធ្វើប្រតិបត្តិការយោធាពិសេស ដែលជាពាក្យត្រូវបានរុស្ស៉ី យកមកប្រើជំនួសឱ្យសង្រ្គាមឈ្លានពានរបស់ខ្លួននៅអ៊ុយក្រែន។

នៅក្នុងសមយុទ្ធយោធានេះ ដែលកំពុងធ្វើឡើងនៅឯតំបន់ Grodno របស់បេឡារុស ក៏នឹងមានផងដែរពីការប្រើប្រាស់យន្ដហោះដ្រូន នេះបើតាមការផ្សាយរបស់ AFP ។