បណ្តាញសង្គម

ឥណ្ឌា ជប៉ុន សហរដ្ឋអាមេរិក អូស្រ្តាលី ត្រៀមធ្វើសមយុទ្ធយោធាជើងទឹក Malabar នៅប្រទេសអូស្រ្តាលី ជាលើកដំបូង

 នៅថ្ងៃសុក្រនេះ ឥណ្ឌា ជប៉ុន សហរដ្ឋអាមេរិក និងអូស្រ្តាលី នឹងរួមគ្នាប្រារព្ធសមយុទ្ធយោធាជើង Malabar នៅក្បែរឆ្នេរនៃទីក្រុងស៉ីដនី ខណៈវា គឺជាលើកដំបូងហើយ ដែលសមយុទ្ធយោធានេះ ត្រូវធ្វើឡើងនៅអូស្រ្តាលី ដ្បិតពីមុនមកវាធ្លាប់ប្រារព្ធឡើងជាចម្បង តែនៅមហាសមុទ្រឥណ្ឌាប៉ុណ្ណោះ។

អគ្គបញ្ជាការនៃកងនាវាទី៧របស់យោធាជើងទឹកអាមេរិក បាននិយាយនៅទីក្រុងស៉ីដនីថា សមយុទ្ធយោធា រួមខាងលើ មិនមានគោលដៅចង់បង្វែរទៅរកប្រទេសណាមួយឡើយ ហើយវា នឹងជួយធ្វើឱ្យប្រសើរឡើងនូវ សមត្ថភាពរបស់កងកម្លាំងយោធាជើងទឹកនៃប្រទេសទាំង៤ ក្នុងការធ្វើការងារជាមួយគ្នា។

ឥណ្ឌា ជប៉ុន សហរដ្ឋអាមេរិក និងអូស្រ្តាលី ស្ថិតក្នុងសម្ព័ន្ធភាពមួយហៅថា Quad ដែលត្រូវបានចិនរិះគន់ថា ជាសម្ព័ន្ធភាព មានចេតនាប៉ុនប៉ងបិទខ្ទប់ឥទ្ធិពលរបស់ខ្លួន នៅតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក។

សូមបញ្ជាក់ថា ការដែលសមយុទ្ធយោធា Malabar ត្រូវប្រារព្ធឡើងនៅក្បែរប្រទេសអូស្រ្តាលីបែបនេះ គឺដោយសារតែក្រុមនាវាចម្បាំងភាគច្រើនរបស់ប្រទេសទាំង៤ ស្ថិតនៅក្បែរនោះស្រាប់ ក្រោយព្រឹត្តិការណ៍សមយុទ្ធយោធាទ្រង់ទ្រាយធំ Talisman Sabre ដែលមានការចូលរួមដោយប្រទេសសរុបចំនួន១៣ និងបានបិទបញ្ចប់ កាលពីសប្តាហ៍មុន នេះបើតាមការផ្សាយរបស់ AFP ។