បណ្តាញសង្គម

មេដឹកនាំរងកោះតៃវ៉ាន់៖ សកម្មភាពឆ្លើយតបយោធារបស់ចិន ជុំវិញរឿងទស្សនកិច្ចនៅសហរដ្ឋអាមេរិក នឹងត្រូវចាត់ទុកជាការជ្រៀតជ្រែកដំណើរការបោះឆ្នោតរបស់តៃវ៉ាន់

(តៃប៉ិ)៖ ថ្លែងអំលុងទស្សនកិច្ចនៅឯប្រទេសប៉ារ៉ាហ្កាយ មេដឹកនាំរងនៃកោះតៃវ៉ាន់ លោក វីលៀម ឡៃ (William Lai) បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា សកម្មភាពយោធាណាមួយរបស់ចិន ដើម្បីឆ្លើយតបចំពោះការធ្វើទស្សនកិច្ចរយៈពេលខ្លីរបស់លោកនៅសហរដ្ឋអាមេរិក នឹងត្រូវចាត់ទុកជាការប៉ុនប៉ងរបស់ទីក្រុងប៉េកាំង ក្នុងការលូកលាន់លើដំណើរការបោះឆ្នោតរបស់តៃវ៉ាន់។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០២៣។ ក្រុមមន្រ្តីតៃវ៉ាន់បាននិយាយថា ចិនអាចនឹងបើកការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ក្នុងការសប្តាហ៍នេះ ក្រោមលេសនៃការធ្វើទស្សនកិច្ចរបស់ លោក ឡៃ នៅសហរដ្ឋអាមេរិក ដើម្បីជាការដាក់សម្ពាធមួយមកលើតៃវ៉ាន់ នៅមុនការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីរបស់ដែនកោះនេះ ដែលនឹងប្រព្រឹត្តទៅនាខែមករា ដើមឆ្នាំក្រោយ។ លោក ឡៃ ដែលជាបេក្ខជនកំពុងមានប្រជាប្រិយភាពជាងគេ បានធ្វើទស្សនកិច្ចនៅទីក្រុងញូយ៉ក កាលពីចុងសប្តាហ៍កន្លងទៅ មុនទៅដល់ប៉ារ៉ាហ្កាយ។

ក្រោយពេលចាកចេញពីប៉ារ៉ាហ្កាយ រូបលោកក៏នឹងឆ្លៀតចូលទីក្រុងសាន់ហ្រ្វាន់ស៉ីស្កូថែមទៀតផងដែរ មុនត្រឡប់មកដល់ទីក្រុងតៃប៉ិវិញ។ ទីភ្នាក់ងារព័ត៌មានតៃវ៉ាន់ Central News Agency បានរាយការណ៍ថា លោក ឡៃ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅប៉ារ៉ាហ្កាយថា ប្រសិនបើចិន ប្រើប្រាស់ការឆ្លៀតធ្វើទស្សនកិច្ចរយៈពេលខ្លីៗទាំងនេះ របស់លោកនៅសហរដ្ឋអាមេរិក ដើម្បីជាលេសបង្កការសម្លុតគំរាមដោយប្រើយោធា នោះវាសបញ្ជាក់ឱ្យឃើញពីចេតនាជាក់ស្តែងរបស់ចិន ក្នុងការប៉ុនប៉ងជ្រៀតជ្រែកដំណើរការបោះឆ្នោតរបស់តៃវ៉ាន់។

ទោះជាបែបនេះក្តី លោក ឡៃ បាននិយាយថា រូបលោកមានទំនុកចិត្តខ្ពស់លើប្រជាជនតៃវ៉ាន់។ គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ ក្រសួងការពារជាតិតៃវ៉ាន់ បានអះអាងថា ខ្លួនពុំទាន់មើលឃើញមានការធ្វើសកម្មភាពយោធាចិន ក្នុងទ្រង់ទ្រាយធំណាមួយនៅឡើយទេ នៅក្បែរកោះតៃវ៉ាន់។

កាលពីខែមេសា ឆ្នាំនេះ ចិនបានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំនៅក្បែរតៃវ៉ាន់ បន្ទាប់ពីមេដឹកនាំតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន (Tsai Ing Wen) បានឆ្លៀតធ្វើទស្សនកិច្ចនៅរដ្ឋកាលីហ្វរញ៉ា ជាទីដែលលោកស្រីបានជួបជាមួយ ប្រធានសភាតំណាងរាស្រ្តអាមេរិក លោក ខេវិន ម៉ាក់ខាធី (Kevin MacCarthy) ពេលលោកស្រីត្រឡប់មកពីបំពេញទស្សនកិច្ច នៅតំបន់អាមេរិកកណ្តាល៕

ដកស្រង់ពី៖ Fresh News