បណ្តាញសង្គម

លោក គីម ជុងអ៊ុន និងលោក ពូទីន ឆ្លើយឆ្លងគ្នាតាមសំបុត្រ ភ្ជាប់ជាមួយការសន្យាពង្រឹងទំនាក់ទំនង មេដឹកនាំកូរ៉េខាងជើង

 លោក គីម ជុងអ៊ុន និងប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានឆ្លើយឆ្លងគ្នាតាមសំបុត្រកាលពីថ្ងៃអង្គារ អមជាមួយការសន្យាថា នឹងអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំង២ ឆ្ពោះទៅរកអ្វីដែលលោក គីម ហៅថា «ភាពជាដៃគូយុទ្ធសាស្ត្រយូរអង្វែង»។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងទៀតថា ការឆ្លើយឆ្លងសំបុត្រខាងលើ ធ្វើឡើងនាឱកាសនៃការប្រារព្ធខួបលើកទី៧៨ នៃការរំដោះកូរ៉េចេញពី អាណានិគមជប៉ុន (ឆ្នាំ១៩១០-១៩៤៥) ដែលនៅកូរ៉េខាងត្បូង ក៏ត្រូវបានចាត់ទុកជាថ្ងៃបុណ្យជាតិមួយផងដែរ។

នៅក្នុងសំបុត្រផ្ញើទៅកាន់លោក ពូទីន លោក គីម បាននិយាយថា ទំនាក់ទំនងមិត្តភាពរវាងកូរ៉េខាងជើង និងរុស្ស៉ី ត្រូវបានបង្កើតឡើងនៅក្នុងសង្រ្គាមលោកលើកទី២ ជាមួយជ័យជម្នះលើជប៉ុន។

សូមបញ្ជាក់ថា ជាការឆ្លើយតបនឹងលោក គីម លោក ពូទីន ក៏បានសន្យាដែរថា នឹងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំង២ ព្រមទាំងធ្វើកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ សម្រាប់សុខមាភាពនៃប្រជាជនប្រទេសទាំង២ និងស្ថិរភាព ព្រមទាំងសន្តិសុខនៅលើតំបន់ឧបទ្វីបកូរ៉េ និងតំបន់អាស៊ីឦសានទាំងមូល នេះបើតាមការដកស្រង់ការផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។