បណ្តាញសង្គម

ក្រុមតាលីបង់ប្រារព្ធខួប២ឆ្នាំ នៃការត្រឡប់មកកាន់អំណាចឡើងវិញ នៅអាហ្វហ្កានីស្ថាន

កាលពីថ្ងៃអង្គារ ក្រុមតាលីបង់ បានរៀបចំប្រារព្ធខួបរយៈពេល២ឆ្នាំ នៃការវិលត្រឡប់មកកាន់អំណាចឡើងវិញរបស់ពួកគេ នៅឯប្រទេសអាហ្វហ្កានីស្ថាន។

ក្រោយប្រតិបត្តិការវាយលុកលឿនដូចផ្លេកបន្ទោរ ស្របពេលដែលកងកម្លាំងយោធាបរទេសដឹកនាំដោយសហរដ្ឋអាមេរិក ត្រូវដកចេញពីអាហ្វហ្កានីស្ថានវិញ បន្ទាប់ពីសង្រ្គាមរយៈពេល២០ឆ្នាំ ដែលមិនមានលទ្ធផល កងកម្លាំងរបស់ក្រុមតាលីបង់ បានចូលកាន់កាប់រដ្ឋធានីកាប៊ុល នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ខណៈលោក អាសរ៉ាហ្វ ហ្កានី ដែលជាប្រធានាធិបតីអាហ្វហ្កានីស្ថាននាពេលនោះ បានរត់ភៀសខ្លួនចេញពីប្រទេស ។

សន្តិសុខ ត្រូវបានរឹតបន្តឹងនៅទីក្រុងកាប៊ុលកាលពីថ្ងៃអង្គារ ដែលត្រូវបានប្រកាសជាថ្ងៃឈប់សម្រាក ហើយក៏មានការធ្វើព្យុះហយាត្រាដោយក្រុមតាលីបង់ផងដែរ ខណៈក្រសួងមួយចំនួន បានរៀបចំកម្មវិធីដើម្បីអបអរគម្រប់ខួបនេះ។

តាលីបង់ ធ្លាប់បានដឹកនាំអាហ្វហ្កានីស្ថានលើកដំបូង ចាប់ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០១ នៅពេលដែលអាមេរិកចូលឈ្លានពាន។ សូមបញ្ជាក់ថា អាហ្វហ្កានីស្ថាននាពេលនេះ កំពុងទទួលបាននូវសុខសន្តិភាពជាងមុន ធៀបនឹងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងទៅ ក៏ប៉ុន្តែនៅបន្តមានការវាយប្រហារច្រើនករណីគួរសមដដែល ទៅលើជនស៉ីវិលស្លូតត្រង់ ដែលភាគច្រើនធ្វើឡើងដោយក្រុមភេរវករ ISIS ដែលជាសត្រូវរបស់ក្រុមតាលីបង់។

មិនតែប៉ុណ្ណោះ ស្រ្តីៗនិងក្មេងស្រីៗអាហ្វហ្កានីស្ថាន ដែលធ្លាប់ទទួលបានសិទ្ធិនិងសេរីភាពទូលំទូលាយ អំលុងរយៈពេល២០ឆ្នាំ នៃការគ្រប់គ្រងរបស់រដ្ឋាភិបាល ដែលគាំទ្រដោយលោកខាងលិចនោះ ក៏បានចាប់ផ្តើមរងការរឹតត្បិតសិទ្ធិសេរីភាពវិញផងដែរ ចាប់តាំងពីការវិលត្រឡប់របស់តាលីបង់ នេះបើតាមការផ្សាយរបស់ AFP ។