បណ្តាញសង្គម

មីយ៉ាន់ម៉ា រំពឹងនាំចេញអង្ករច្រើនជាងមុនបន្ទាប់ពីឥណ្ឌា ដាក់បម្រាមលក់ចេញ

(យ៉ាំងហ្គោន)៖ មីយ៉ាន់ម៉ារំពឹងថា ការនាំចេញអង្កររបស់ខ្លួននឹងកើនឡើងនៅក្នុងប៉ុន្មានខែខាងមុខ ដោយសារការទប់ស្កាត់ការលក់ចេញរបស់ឥណ្ឌា និងការកើនឡើងតម្លៃអង្កររបស់ប្រទេសថៃ និងវៀតណាមបង្ខំឱ្យអ្នកទិញស្វែងរកប្រភពផ្សេងទៀត។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សម្ដីរបស់លោក Ye Min Aung ប្រធានសហព័ន្ធស្រូវអង្ករមីយ៉ាន់ម៉ា ខណៈថ្លែងក្នុងបទសម្ភាសមួយកាលពីសប្តាហ៍មុនថា ការរឹតបន្តឹងការផ្គត់ផ្គង់អង្ករពិភពលោកគួរតែជួយស្តារឡើងវិញនូវការនាំចេញអង្កររបស់មីយ៉ាន់ម៉ា ដែលបានធ្លាក់ចុះ ៥៦% ក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំសារពើពន្ធនេះ និងនាំឱ្យប្រទេសអាស៊ីអាគ្នេយ៍មួយនេះខិតទៅជិតដល់គោលដៅប្រចាំឆ្នាំរបស់ខ្លួនក្នុងការរកប្រាក់ចំណូលបាន ១ពាន់លានដុល្លារពីការនាំចេញអង្ករ។

យោងតាមទិន្នន័យពីសហព័ន្ធស្រូវអង្ករមីយ៉ាន់ម៉ាបានឱ្យដឹងថា ប្រទេសមីយ៉ាន់ម៉ាបាននាំចេញប្រហែល ៣២០ ០០០ តោនចាប់ពីខែមេសាដល់ខែកក្កដា ដោយទទួលបានប្រាក់ចំណូលត្រឹមតែ ១៣៨លានដុល្លារប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលមីយ៉ាន់ម៉ាបានសម្រេចចិត្តផ្តល់អាទិភាពដល់ការលក់អង្ករគុណភាពខ្ពស់។

ប៉ុន្តែចក្ខុវិស័យមានភាពប្រសើរឡើងកាលពីខែមុន នៅពេលឥណ្ឌាដែលជាប្រទេសនាំចេញអង្ករធំបំផុតក្នុងពិភពលោក បានហាមឃាត់ផ្នែកមួយចំនួនធំនៃការលក់នៅក្រៅប្រទេសរបស់ខ្លួន ដើម្បីរក្សាស្ថិរភាពតម្លៃក្នុងស្រុកនៅមុនការបោះឆ្នោតសកលដែលនឹងធ្វើឡើងនៅដើមឆ្នាំក្រោយ។

ការហាមឃាត់នេះបានជំរុញឱ្យតម្លៃអង្ករកើនឡើងនៅក្នុងប្រទេសដែលជាដៃគូប្រកួតប្រជែងក្នុងតំបន់មួយចំនួនរបស់មីយ៉ាន់ម៉ា។ លោក Ye Min Aung បានមានប្រសាសន៍ថា៖ «យើងសង្ឃឹមថានឹងទទួលបានអត្ថប្រយោជន៍ ទោះបីជាយើងនឹងរក្សាការយកចិត្តទុកដាក់របស់យើងលើការនាំចេញតែប្រភេទអង្ករគុណភាពខ្ពស់ក៏ដោយ»។

មីយ៉ាន់ម៉ាគឺជាប្រទេសដែលជួបបញ្ហាអសន្តិសុខស្បៀង ពោលគឺជាស្ថានភាពមួយដែលកាន់តែអាក្រក់ឡើងដោយអស្ថិរភាពនយោបាយគិតចាប់តាំងពីមានរដ្ឋប្រហារយោធាក្នុងឆ្នាំ២០២១ ហើយគោលនយោបាយនាំចេញរបស់វាត្រូវបានបង្កើតឡើងដើម្បីការពារការផ្គត់ផ្គង់ក្នុងស្រុក។

យោងតាមលោក Ye Min Aung បើទោះជាការលក់អង្ករគុណភាពល្អអាចទទួលបានតម្លៃរហូតដល់ទៅ ៧០០ដុល្លារក្នុងមួយតោន បើធៀបនឹង ៣០០ ដុល្លារ ឬ ៤០០ដុល្លារក្នុងមួយតោនសម្រាប់អង្ករប្រភេទគុណភាពទាបក៏ដោយ ក៏ប្រទេសនេះកំណត់អតិថិជនចំពោះតែប្រទេសអ្នកមានប៉ុណ្ណោះ។

សហព័ន្ធស្រូវអង្ករមីយ៉ាន់ម៉ាបានឱ្យដឹងថា មីយ៉ាន់ម៉ារកចំណូលបានជាង ៨០០លានដុល្លារពីការលក់អង្ករក្នុងមួយឆ្នាំសម្រាប់ឆ្នាំសារពើពន្ធពីរឆ្នាំកន្លងមក ហើយអ្នកទិញធំបំផុតរបស់ប្រទេសនេះ រួមមានប្រទេសចិន ហ្វីលីពីន និងបែលហ្ស៊ិក។

ក្រសួងកសិកម្មសហរដ្ឋអាមេរិកបានចាត់ចំណាត់ថ្នាក់មីយ៉ាន់ម៉ាថាជាអ្នកនាំចេញធំជាងគេទីប្រាំមួយក្នុងពិភពលោកកាលពីឆ្នាំមុន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕

ដកស្រង់ពី៖ Fresh News