បណ្តាញសង្គម

លោក ដូណាល់ ត្រាំ ក្លាយជាអតីតប្រធានាធិបតីអាមេរិកដំបូងបំផុត ដែលត្រូវបានថតវាស់កម្ពស់ ដូចអ្នកទោសដទៃទៀត

(វ៉ាស៊ីនតោន)៖ នៅទីបំផុតទៅ លោក ដូណាល់ ត្រាំ បានក្លាយជាអតីតប្រធានាធិបតីអាមេរិកដំបូងគេបំផុត ដែលត្រូវបានថតវាស់ខ្ពស់ទុកជាឯកសារ នៅឯ ពន្ធនាគារក្នុងទីក្រុង Atlanta នៃរដ្ឋ Georgia ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌជុំវិញការព្យាយាមដោយខុសច្បាប់ដើម្បីប្រែក្រឡាស់លទ្ធផល បោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ ដែលបង្ហាញថាលោកបានបរាជ័យក្រោមថ្វីដៃលោក ចូ បៃដិន ក្នុងរដ្ឋ Georgia។

 

នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០២៣។ លោក ដូណាល់ ត្រាំ បានចំណាយពេលត្រឹមតែ ២០នាទីប៉ុណ្ណោះ នៅឯពន្ធនាគារ Fulton County ក្នុងទីក្រុង Atlanta ជាទីដែលលោកត្រូវបានមន្ត្រីពន្ធនាគារ ធ្វើកំណត់ហេតុ និងថតរូបទុកជាឯកសារ។

លោក ត្រាំមានកម្ពស់ ៦ហ្វូត ៣អ៉ីញ (១.៩០ម៉ែត្រ) និងមានទម្ងន់ ២១៥ផោន ឬស្មើនឹងជាង៩៧គីឡូក្រាម ព្រមទាំងមានលេខសម្គាល់ P01135809។

រូបថតវាស់កម្ពស់របស់លោក ត្រាំ ត្រូវបានចេញផ្សាយភ្លាមៗ បន្ទាប់ពីលោកត្រូវបានអនុញ្ញាតឱ្យនៅក្រៅឃុំ។ គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានប្រគល់ខ្លួនដោយស្ម័គ្រចិត្តឱ្យប៉ូលិស នៅឯពន្ធនាគារក្នុងទីក្រុង Atlanta បន្ទាប់ពីលោកត្រូវបានចោទប្រកាន់បទល្មើស ព្រហ្មទណ្ឌ ជុំវិញការព្យាយាមដោយខុសច្បាប់ដើម្បីប្រែក្រឡាស់លទ្ធផលបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០។

លោក ត្រាំ ត្រូវបានអនុញ្ញាតឱ្យនៅក្រៅឃុំ ជាមួយប្រាក់តម្កល់ ២០០,០០០ដុល្លារ។ ប៉ុន្តែ លោក ត្រាំ នៅតែអះអាងថាលោកមិនបានប្រព្រឹត្តកំហុសអ្វីទាំងអស់ ហើយថាការចោទប្រកាន់ទាំងឡាយគឺ មានចេតនានយោបាយ ដើម្បីរារាំងកុំឱ្យរូបលោកជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកសាជាថ្មី នៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០២៤៕

 

ដកស្រង់ពី៖ Fresh News