បណ្តាញសង្គម

ទីម័រខាងកើតថ្កោលទោសមីយ៉ាន់ម៉ា ជុំវិញការបណ្តេញមន្រ្តីការទូតជាន់ខ្ពស់របស់ខ្លួន

 រដ្ឋាភិបាលទីម័រខាងកើត បានអះអាងថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានបណ្តេញមន្រ្តីការទូតជាន់ខ្ពស់របស់ខ្លួនចេញពីប្រទេស ហើយខ្លួនថ្កោលទោសជាខ្លាំងចំពោះទង្វើនេះ។

កន្លងមកនេះ ក្រុមអ្នកនយោបាយនៅទីម័រខាងកើត ជារឿយៗបានចេញមុខរិះគន់រដ្ឋាភិបាលយោធា ដែលបានគ្រប់គ្រងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈ ឆ្នាំ២០២១មក ហើយប្រធានាធិបតីទីម័រខាងកើត លោក Jose Ramos-Horta ក៏បានជួបជាមួយតំណាងជាន់ខ្ពស់នៃរដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា NUG ដែលប្រឆាំងនឹងរបបសឹកផងដែរ។

សូមបញ្ជាក់ថា បើតាមមន្រ្តីទទួលបន្ទុកសិទ្ធិមនុស្សរបស់ NUG គឺភារធារីទីម័រខាងកើតប្រចាំមីយ៉ាន់ម៉ា ត្រូវបានបង្គាប់ឱ្យចាកចេញពីប្រទេសនេះ នៅត្រឹមថ្ងៃទី១ ខែកញ្ញា។ ដើម្បីបង្ហាញការជំទាស់នឹងរដ្ឋប្រហារយោធាឆ្នាំ២០២១ ប្រទេសជាច្រើន បានបន្ថយបេសកកម្មការទូតមកត្រឹមកម្រិតភារធារីប៉ុណ្ណោះ នៅមីយ៉ាន់ម៉ា ជំនួសឱ្យឯកអគ្គរដ្ឋទូត។

ទោះជាបែបនេះក្តី រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា កម្រនឹងបណ្តេញឬបដិសេធមន្រ្តីការទូតបរទេសណាស់ នេះបើតាមការផ្សាយរបស់ AFP កាលពីថ្ងៃអាទិត្យ។