បណ្តាញសង្គម

ព្យុះត្រូពិច Idalia ត្រូវបានព្យាករថា នឹងវាយប្រហារលើរដ្ឋ Florida របស់សហរដ្ឋអាមេរិក ក្នុងកម្រិតជាព្យុះហឺរីខិន

 (វ៉ាស៉ីនតោន)៖ ព្យុះត្រូពិចឈ្មោះ Idalia អាចនឹងកើនឡើងថាមពលទៅជាព្យុះហឺរិខិននាថ្ងៃចន្ទនេះ ហើយនាំមកនូវខ្យល់បោកបក់ខ្លាំង រួមជាមួយទឹកជំនន់ ទៅលើប្រទេសគុយបានិងរដ្ឋ Florida របស់សហរដ្ឋអាមេរិក ក្នុងសប្តាហ៍នេះ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០២៣។ អភិបាលរដ្ឋ Florida លោក Ron DeSantis បាននិយាយថា ព្យុះខាងលើបច្ចុប្បន្នមានកម្លាំងខ្យល់ខ្ទង់៩៥គីឡូម៉ែត្រក្នុងមួយម៉ោង ហើយវាអាចឈានដល់ កម្លាំងនៃព្យុះហឺរីខិនកម្រិតទី២ ដែលមានល្បឿនខ្យល់បក់ចន្លោះ១៥៤-១៧៧គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេលដែលវាត្រូវបានព្យាករថា នឹងធ្វើដំណើរទៅដល់រដ្ឋ Florida ក្នុងអំលុងថ្ងៃពុធសប្តាហ៍នេះ។

គួរបញ្ជាក់ថា យោងតាមសេចក្តីប្រកាសកាលពីថ្ងៃអាទិត្យ របស់មជ្ឈមណ្ឌលជាតិតាមដានព្យុះហឺរីខិន NHC របស់សហរដ្ឋអាមេរិក ព្យុះ Idalia កំពុងស្ថិតនៅក្បែរច្រកសមុទ្រ Yucatan ចម្ងាយប្រហែល២៣៥គីឡូម៉ែត្រ ពីភាគខាងលិចប្រទេសគុយបា។

ព្យុះនេះអាចនឹងបង្កឱ្យមានគ្រោះទឺកជំនន់ ដែលបណ្តាលមកពីការធ្លាក់ភ្លៀងខ្លាំង នៅតាមតំបន់ជាប់បណ្តោយឆ្នេរភាគខាងលិច និងតំបន់ភាគពាយព្យនៃរដ្ឋ Florida ព្រមទាំងតំបន់ភាគខាងត្បូងរដ្ឋ Georgia ចាប់ពីចន្លោះយប់ថ្ងៃអង្គារ ដល់ថ្ងៃពុធសប្តាហ៍នេះ៕

ដកស្រង់ពី៖ Fresh News