បណ្តាញសង្គម

កូរ៉េខាងត្បូងបង្កើនការផ្តល់ជំនួយហិរញ្ញវត្ថុឱ្យអ៊ុយក្រែន ដល់ជិត៤០០លានដុល្លារ សម្រាប់ឆ្នាំ២០២៤

(សេអ៊ូល)៖ នាថ្ងៃអង្គារនេះ កូរ៉េខាងត្បូងបានបង្ហាញចេញនូវ ជំនួយហិរញ្ញវត្ថុទំហំ៥២០ពាន់លានវ៉ុន ឬស្មើនឹង៣៩៤លានដុល្លារអាមេរិក សម្រាប់អ៊ុយក្រែននៅឆ្នាំ២០២៤ ខណៈវាគឺជាកំណើនដល់ទៅ៨ដង បើធៀបនឹងជំនួយឆ្នាំនេះ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣។ យោងតាមកញ្ចប់ថវិកាឆ្នាំ២០២៤ របស់កូរ៉េខាងត្បូង កញ្ចប់ជំនួយហិរញ្ញវត្ថុខាងលើ រួមមានថវិកា១៣០ពាន់លានវ៉ុន (៩៨លានដុល្លារ) សម្រាប់កិច្ចប្រឹងប្រែងស្ថាបនាឡើងវិញ, ២៦០ពាន់លានវ៉ុន (២០០លានដុល្លារ) សម្រាប់ជំនួយមនុស្សធម៌ និង១៣០ពាន់លានវ៉ុនទៀត តាមរយៈអង្គការអន្តរជាតិផ្សេងៗ។

កាលពីខែកក្កដា ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល បានប្រកាសថា ប្រទេសរបស់លោកនឹងផ្តល់ជំនួយជាសម្ភារយោធាក្នុងទ្រង់ទ្រាយធំដល់អ៊ុយក្រែន នៅឆ្នាំ២០២៣នេះ ប៉ុន្តែលោកមិនបានផ្តល់ខ្លឹមសារលម្អិតទេ។ គួរបញ្ជាក់ថា ក្នុងថ្ងៃអង្គារដដែលនេះ លោក យូន ក៏បានប្រកាសផងដែរ អំពីការកើនឡើងនៃជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ប្រទេសកូរ៉េខាងត្បូង សម្រាប់តំបន់យុទ្ធសាស្រ្តសំខាន់ៗ រួមមានទាំងតំបន់អាស៉ី-ប៉ាស៉ីហ្វិក និងអាហ្រ្វិក គឺពីទំហំ១.៤ទ្រីលានវ៉ុន (១.១ពាន់លានដុល្លារ) កើនដល់២ទ្រីលានវ៉ុន (១.៥១ពាន់លានដុល្លារ)៕

ដកស្រង់ពី៖ Fresh News