បណ្តាញសង្គម

ថៃ ព្រមានអំពីការកើនឡើងបំណុលគ្រួសារ

(បាងកក)៖ អគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមជាតិ (NESDC) ថៃ ព្រមានថា បំណុលគ្រួសារនៅប្រទេសថៃកំពុងបន្តកើនឡើង ដោយមានការពិនិត្យមើលយ៉ាងយកចិត្តទុកដាក់ទៅលើកម្ចីទិញរថយន្តនិងបំណុលពីសហករណ៍សន្សំ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

លោក Danucha Pichayanan អគ្គលេខាធិការ NESDC ត្រូវបានដកស្រង់សម្ដីដោយកាសែតបាងកកប៉ុស្តិ៍ខណៈថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីចក្ខុវិស័យសង្គមរបស់ប្រទេសថៃសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៣ថា បំណុលគ្រួសារមានចំនួន ១៥,៩ពាន់ពាន់លានបាតក្នុងត្រីមាសទីមួយឆ្នាំនេះ កើនឡើង ៣,៦% ពីកំណើន ៣,៥% នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២២ ខណៈដែលអនុបាតបំណុលគ្រួសារធៀបនឹងផលិតផលក្នុងស្រុកសរុប (ផ.ស.ស) មានចំនួន ៩០,៦% ថយចុះបន្តិចធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២២។

លោក Danucha បានថ្លែងថា កំណើនបំណុលគ្រួសារភាគច្រើននៅក្នុងត្រីមាសទី១ មានប្រភពមកពីការទិញអចលនទ្រព្យនិងប្រាក់កម្ចីផ្ទាល់ខ្លួន កើនឡើង ៥% និង ៥,៣% រៀងគ្នា បើប្រៀបធៀបទៅនឹងត្រីមាសទី៤ ឆ្នាំ២០២២។ ចំពោះលទ្ធភាពសងកម្ចីជារួមសម្រាប់កម្ចីគ្រួសារ កម្ចីមិនដំណើរការ (NPLs) មានតម្លៃ ១៤៤ពាន់លានបាតនៅដំណាច់ខែមីនាឆ្នាំនេះ ដែលស្មើនឹង ២,៦៨% កើនឡើងពី ២,៦២% នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២២។

ទោះយ៉ាងណា បញ្ហាបំណុលគ្រួសារនៅតែជាក្តីព្រួយបារម្ភដែលគួរត្រូវបានដោះស្រាយ។ ទីមួយ បំណុលអាក្រក់និងហានិភ័យបំណុលអាក្រក់នៅក្នុងកម្ចីទិញរថយន្តទំនងជានឹងបន្តកើនឡើង។

នៅក្នុងត្រីមាសទីមួយឆ្នាំ២០២៣ ឥណទាន NPL ពីប្រាក់កម្ចីរថយន្តបានកើនឡើង ៣០,៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលសមាមាត្រនៃកម្ចីស្ថិតក្នុងការឃ្លាំមើល (special mention loans) ធៀបនឹងកម្ចីសរុបក៏បន្តកើនឡើងផងដែរ។ ទីពីរ តម្រូវការប្រាក់កម្ចីពីសហករណ៍សន្សំសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន និងការសងបំណុលដែលមានស្រាប់បានបន្តកើនឡើង ដោយកម្ចីផ្តល់ជូនសហករណ៍សរុបមានចំនួន ៩៤០ពាន់លានបាតដែលក្នុងនោះ ៥០% គឺជាកម្ចីមិនមានផលិតភាព (non-productive loans)។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕

ដកស្រង់ពី៖ Fresh News