បណ្តាញសង្គម

អតីតនាយករដ្ឋមន្រ្តីថៃ លោកថាក់ស៊ីន រៀបចំឯកសារស្នើសុំលើកលែងទោសពីព្រះមហាក្សត្រ

 អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន ស៉ីណាវ៉ាត់ កំពុងត្រៀមរៀបចំពង្រាងឯកសារស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រ ប៉ុន្តែថាតើសំណើរនោះ ត្រូវបានដាក់ថ្វាយនៅពេលណានោះ គឺជាឆន្ទានុសិទ្ធរបស់លោកថាក់ស៊ីន នេះបើតាមមេធាវីលោក ឲ្យដឹងកាលពីថ្ងៃពុធ។

លោកថាក់ស៊ីន ទើបតែត្រឡប់ចូលស្រុកវិញកាលពីសប្តាហ៍មុន ក្រោយការរស់នៅដោយនិរទេសខ្លួន ចាប់តាំងតែពីឆ្នាំ២០០៨មក។

ភ្លាមៗក្រោយពេលមកប្រទេសថៃវិញ លោក ថាក់ស៉ីន ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៨ឆ្នាំ ពាក់ព័ន្ធនឹងការរំលោភអំណាច និងទំនាស់ផលប្រយោជន៍ អំលុងពេលលោកកាន់តំណែងជានាយករដ្ឋមន្រ្តីថៃ កាលពីចន្លោះឆ្នាំ២០០១-២០០៦។ បច្ចុប្បន្នលោក កំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ដោយសារបញ្ហាសុខភាព។

ទាំងលោកថាក់ស៊ីន និងគណបក្សភឿថៃ ដែលគាំទ្រ និងបង្កើតឡើងដោយគ្រួសារស៉ីណាវ៉ាត់ បានបដិសេធបញ្ហានេះ។

សូមបញ្ជាក់ថា ក្រុមប្រឆាំងថាក់ស៊ីន បានដាក់ញត្តិទៅនាយកដ្ឋានកែតម្រូវឱ្យរារាំងរាល់ការប៉ុនប៉ង ដើម្បីសុំការលើកលែងទោស ដោយលើកឡើងថា ករណីពុករលួយ មិនគួរទទួលបានការលើកលែងទោស នេះបើតាមការផ្សាយរបស់ Reuters ។