បណ្តាញសង្គម

លោក ស៉ី ជិនពីង ទំនងជាមិនមកប្រជុំ G20 នៅឥណ្ឌា

ក្រុមមន្រ្តី បានឲ្យដឹងថា លោកប្រធានាធិបតីចិន ស៉ី ជិនពីង ទំនងជាមិនទៅចូលរួមកិច្ចប្រជុំកំពូល នៃ មេដឹកនាំ G20 ដែលនឹងរៀបចំក្នុងប្រទេសឥណ្ឌានៅសប្តាហ៍ក្រោយនេះទេ។

មន្ត្រីឥណ្ឌា ២រូប អ្នកការទូតម្នាក់ មានមូលដ្ឋាននៅក្នុងប្រទេសចិន និងមន្ត្រីម្នាក់ ធ្វើការឲ្យរដ្ឋាភិបាលនៃ ប្រទេស G20 ផ្សេងទៀត បាននិយាយថា នាយករដ្ឋមន្ត្រីចិន លោក លី ឈាង ត្រូវបានគេរំពឹងថា នឹងទៅ ចូលរួមជាតំណាងឲ្យទីក្រុងប៉េកាំង សម្រាប់កិច្ចប្រជុំកំពូលថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែកញ្ញា នៅទីក្រុងញូវដេលី យ៉ាងនេះក្តី អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា និងចិន មិនបានឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូល G20 នៅឥណ្ឌា ត្រូវបានគេមើលឃើញថា ជាកន្លែងមួយដែលមេដឹកនាំចិន និងសហរដ្ឋអាមេរិក អាចនឹងជួបគ្នា ខណៈដែលប្រទេសមហាអំណាចទាំងពីរនេះ កំពុងព្យាយាមធ្វើឲ្យ ទំនាក់ទំនងមានស្ថេរភាព ដោយសារតែភាពតានតឹងផ្នែកពាណិជ្ជកម្ម និងកត្តាភូមិសាស្រ្តនយោបាយ នេះបើ តាមការផ្សាយរបស់ Reuters កាលពីថ្ងៃព្រហស្បតិ៍។