បណ្តាញសង្គម

កូរ៉េខាងជើង អះអាងពីការធ្វើតេស្ដបាញ់មីស៊ីល ក្នុងសមយុទ្ធហាត់សមវាយប្រហារនុយក្លេអ៊ែរតាក់ទិក

 ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA កាលពីថ្ងៃអាទិត្យ បានផ្សាយថា យោធាកូរ៉េខាងជើង បានដឹកនាំការធ្វើសមយុទ្ធយោធា ហាត់សមវាយប្រហារដោយប្រើអាវុធនុយក្លេអ៊ែរតាក់ទិក កាលពីព្រឹកថ្ងៃសៅរ៍កន្លងទៅនេះ ក្នុងនោះរួមមានទាំងការបាញ់សាកល្បងមីស៊ីលគ្រូសរយៈចម្ងាយឆ្ងាយ ចំនួន ២គ្រាប់ ដែលមានបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរសប្បនិម្មិត ជាការឆ្លើយតបទៅនឹងសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។

បើតាម KCNA សមយុទ្ធយោធារបស់កូរ៉េខាងជើងខាងលើ ក៏ជាសារព្រមានមួយផ្ញើទៅកាន់សត្រូវទាំងឡាយផងដែរ ពីគ្រោះថ្នាក់ពិតប្រាកដនៃសង្រ្គាមនុយក្លេអ៊ែរ ខណៈទីក្រុងព្យុងយ៉ាង បានប្ដេជ្ញាចិត្តសាជាថ្មី ដើម្បីជំរុញសមត្ថភាពយោធាកំញើញប្រឆាំងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល។

មីស៊ីលគ្រូសទាំង២គ្រាប់ដែល មានបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរសប្បនិម្មិត ត្រូវបានបាញ់ឆ្ពោះទៅកាន់សមុទ្រខាងលិចនៃឧបទ្វីបកូរ៉េ ហើយហោះបានចម្ងាយ ១,៥០០គីឡូម៉ែត្រ។

សូមបញ្ជាក់ថា ការធ្វើតេស្ដបាញ់មីស៊ីលរបស់កូរ៉េខាងជើង កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំឈ្មោះ Ulchi Freedom Shield រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងមានរយៈពេល១១ថ្ងៃ បានបិទបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។

នៅក្នុងសមយុទ្ធយោធានេះ ក៏មានការចូលរួមពីយន្ដហោះទម្លាក់គ្រាប់បែកអាមេរិក B-1B ផងដែរ ហើយកូរ៉េខាងជើង តែងតែចោទប្រកាន់ថាការធ្វើសមយុទ្ធយោធាបែបនេះ គឺជាការត្រៀមលក្ខណៈធ្វើសង្រ្គាមឈ្លានពានលើប្រទេសរបស់ខ្លួន នេះបើតាមការផ្សាយរបស់ AFP។