បណ្តាញសង្គម

ហ្វីលីពីនត្រៀមខ្លួនជាស្រេច ដើម្បីកាន់តំណែងជាប្រធានអាស៊ានជំនួសមីយ៉ាន់ម៉ា នៅឆ្នាំ២០២៦

 ថ្លែងទៅកាន់មេដឹកនាំអាស៊ានក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃអង្គារ ប្រធានាធិបតី ហ្វីលីពីន លោក Ferdinand Marcos Jr បាននិយាយថា ប្រទេសរបស់លោក បានត្រៀមខ្លួនជាស្រេច ដើម្បីទទួលតំណែងជាប្រធានអាស៊ានជំនួសមីយ៉ាន់ម៉ា នៅឆ្នាំ២០២៦ ខណៈអាស៊ាន កំពុងព្យាយាមដោះ ស្រាយយ៉ាងលំបាកជាមួយរបបសឹក នៃប្រទេសជាសមាជិកអាស៊ានមួយនេះ។

មីយ៉ាន់ម៉ា បានធ្លាក់ចូលក្នុងភាពចលាចលនៃអំពើហិង្សាយ៉ាងបង្ហូរឈាម ចាប់តាំងពីមានរដ្ឋប្រហារយោធា ទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អោងសាន ស៊ូជី ពីអំណាចកាលពីឆ្នាំ២០២១ ហើយយោធាបានបើកការបង្រ្កាបយ៉ាងបង្ហូរឈាមលើក្រុមអ្នកប្រឆាំង។

ប៉ុន្តែលោក Marcos មិនបានបញ្ជាក់នោះទេថា តើហេតុអ្វីបានជាហ្វីលីពីន ត្រូវទទួលតំណែងជាប្រធានប្ដូរវេនជំនួសមីយ៉ាន់ម៉ា។

សូមបញ្ជាក់ថា ប្រទេសឡាវ នឹងត្រូវកាន់តំណែងជាប្រធានប្ដូរវេនអាស៊ាននៅឆ្នាំ២០២៤ រីឯម៉ាឡេស៊ី នឹងត្រូវធ្វើជាប្រធាននៅឆ្នាំ២០២៥ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP ។