បណ្តាញសង្គម

មីយ៉ាន់ម៉ាទទួលបានយន្តហោះចម្បាំង Su-30 ២គ្រឿងដំបូង ដែលទិញពីប្រទេសរុស្ស៉ី

សារព័ត៌មានរដ្ឋរុស្ស៉ី RIA បានផ្សាយកាលពីថ្ងៃអាទិត្យថា ប្រទេសមីយ៉ាន់ម៉ា ទទួលបានហើយនូវយន្តហោះចម្បាំង Su-30 ចំនួន២គ្រឿងដំបូង ដែលទិញពីរុស្ស៉ី។

រដ្ឋមន្រ្តីពាណិជ្ជកម្មមីយ៉ាន់ម៉ា លោក ឆាលី ថាន់ បានប្រាប់សារព័ត៌មាន RIA នៅក្រៅវេទិកាសេដ្ឋកិច្ចភាគខាងកើត ដែលប្រារព្ធឡើងនៅទីក្រុងវ៉្លាឌីវ៉ូស្តុក នៃប្រទេសរុស្ស៉ីថា មីយ៉ាន់ម៉ា និងរុស្ស៉ី បានចុះកិច្ចព្រមព្រៀងមួយកាលពីខែកញ្ញា ឆ្នាំ២០២២ សម្រាប់ការទិញ និងប្រគល់យន្តហោះចម្បាំងរុស្ស៉ីស៊េរី Su-30SME សរុប៦គ្រឿង។

សូមបញ្ជាក់ថា កិច្ចព្រមព្រៀងទ្វេភាគីជាច្រើន នឹងត្រូវចុះហត្ថលេខានៅវេទិកាសេដ្ឋកិច្ចភាគខាងកើត ក្នុងនោះរួមមានទាំងការអភិវឌ្ឍវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។ កន្លងមក សហរដ្ឋអាមេរិក ធ្លាប់បានព្រមានការគាំទ្ររបស់រុស្ស៉ីចំពោះរបបសឹកមីយ៉ាន់ម៉ា គឺជារឿងពុំអាចទទួលយកបាន និងបង្កអស្ថិរភាព នេះបើតាមការផ្សាយរបស់ Reuters កាលពីថ្ងៃអាទិត្យ ។