បណ្តាញសង្គម

លោក គីម ជុងអ៊ុន ទំនងជាកំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសរុស្ស៉ី តាមរថភ្លើងពិសេស ដើម្បីជួបលោក ពូទីន

 កាលពីថ្ងៃចន្ទ ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសកូរ៉េខាងត្បូង បានផ្សាយថា មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ទំនងជាបានចាប់ផ្តើមចេញដំណើរឆ្ពោះទៅកាន់ប្រទេសរុស្ស៉ីហើយ ដើម្បីបើកកិច្ចប្រជុំ កំពូលជាមួយប្រធានាធិបតីរុស្ស៉ីលោក វ៉្លាឌីមៀ ពូទីន។

លោក គីម ហាក់កំពុងធ្វើដំណើរឆ្ពោះទៅកាន់ព្រំប្រទល់ភាគឦសាន របស់ ប្រទេសកូរ៉េខាងជើង តាមរយៈ រថភ្លើងពិសេសមួយគ្រឿង ហើយកិច្ចប្រជុំកំពូលរវាងលោក និងលោក ពូទីន អាចនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ នេះ។ កាលពីថ្ងៃចន្ទ លោក ពូទីន ទើបតែធ្វើដំណើរទៅដល់ទីក្រុងវ៉្លាឌីវ៉ូស្តុក នៃតំបន់ចុងបូព៌ារបស់ប្រទេស រុស្ស៉ី ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចបូព៌ា។

មេដឹកនាំទាំងពីរ ត្រូវគេរំពឹងថា នឹងបើកកិច្ចប្រជុំជាមួយគ្នានៅ ទីក្រុងនោះ ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីព្រំប្រទល់រុស្ស៉ីជាមួយកូរ៉េខាងជើងឡើយ។ យ៉ាងណាមិញ ពុំមាន ការបញ្ជាក់ច្បាស់ថា លោក គីម បានចាកចេញពីទីក្រុងព្យុងយ៉ាង តាំងពីពេលណានោះទេ។

សូមបញ្ជាក់ថា បើជាការពិត វានឹងជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងបង្អស់ សម្រាប់លោក គីម ជុងអ៊ុន ក្នុងរយៈពេលជាង៤ឆ្នាំ និងជាលើកដំបូង គិតចាប់តាំងពីការផ្ទុះឡើង នៃជំងឺរាតត្បាតសកលកូវីដ ១៩។

ដំណើរបំពេញទស្សនកិច្ចលើកចុងក្រោយបំផុតរបស់លោក គីម នៅឯក្រៅប្រទេស គឺកាលពីឆ្នាំ ២០១៩ នៅពេលដែលរូបលោកបានធ្វើដំណើរទៅកាន់ទីក្រុង Vladivostok សម្រាប់កិច្ចប្រជុំកំពូលលើកទី មួយ ជាមួយលោក ពូទីន ក្រោយការដួលរលំនៃកិច្ចចរចារំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ជាមួយអតីត ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

ពេលនោះ លោក គីម ក៏បានជិះរថភ្លើងពិសេសរបស់លោក ផងដែរ ដោយប្រើពេលធ្វើដំណើរប្រហែល២០ម៉ោង នេះបើតាមការផ្សាយរបស់ AFP។