បណ្តាញសង្គម

មុនជំនួបលោក គីម និងលោក ពូទីន! សហរដ្ឋអាមេរិក គំរាមដាក់ទណ្ឌកម្ម បើកូរ៉េខាងជើងលក់អាវុធឱ្យរុស្ស៉ី

 សហរដ្ឋអាមេរិក កាលពីអង្គារ បានគំរាមថា នឹងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបន្ថែមពីលើទណ្ឌកម្ម ដែលមានស្រាប់ក្នុងពេលបច្ចុប្បន្ន ប្រសិនបើទីក្រុងព្យុងយ៉ាង ហ៊ានផ្គត់ផ្គង់អាវុធឱ្យទីក្រុងមូស្គូ សម្រាប់បំប៉នសង្រ្គាមឈ្លានពានលើអ៊ុយក្រែន។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បាននិយាយថា សហរដ្ឋអាមេរិក នឹងឱ្យក្រុមហ៊ុន ឬអង្គភាពទាំងឡាយណា ដែលហ៊ានជួយ ឬក៏ផ្គត់ផ្គង់អាវុធឱ្យរុស្ស៉ី ទទួលខុសត្រូវ។

សូមបញ្ជាក់ថា វិមានក្រឹមឡាំង និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានទទួលស្គាល់រៀងៗខ្លួនថា លោក គីម ជុងអ៊ុន ពិតជាកំពុងធ្វើដំណើរតាមរថភ្លើងពាសដែក ទៅកាន់ប្រទេសរុស្ស៉ី ដើម្បីជួបលោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន នៅឯទីក្រុង វ៉្លាឌីវ៉ូស្ដុក ជាទីដែលកំពុងរៀបចំវេទិកាសេដ្ឋកិច្ចបូព៌ា រហូតដល់ថ្ងៃពុធនេះ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Al Jazeera។