បណ្តាញសង្គម

លោក គីម ជុងអ៊ុន ជិះរថភ្លើងពាសដែកចាកចេញពីរុស្ស៉ី ជាមួយយន្ដហោះដ្រូនជាច្រើនគ្រឿងជាអំណោយ

 មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីថ្ងៃអាទិត្យ បានជិះរថភ្លើងពាសដែករបស់លោកចាកចេញពីប្រទេសរុស្ស៉ី ត្រឡប់ទៅកាន់កូរ៉េខាងជើងវិញហើយ បន្ទាប់ពីបិទបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ៦ថ្ងៃ នៅតំបន់ចុងបូព៌ាបំផុតរបស់រុស្ស៉ី។

ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី បានចេញផ្សាយវីដេអូបង្ហាញពីដំណើរចាកចេញរបស់លោក គីម ហើយក៏មានការរៀបចំពិធីជូនដំណើរមេដឹកនាំកូរ៉េខាងជើងរូបនេះដែរ នៅឯស្ថានីយរថភ្លើង អាទីអូម ព្រីម័រស្គី ១ (Artyom-Primorsky-1) ។

បន្ថែមពីលើនេះសារព័ត៌មាន TASS ក៏បានឱ្យដឹងដែរថា លោក គីម ជុងអ៊ុន ទទួលបានយន្ដហោះដ្រូនអត្តឃាតចំនួន ៥គ្រឿង និងយន្ដហោះដ្រូនស៊ើបការណ៍ Geran-25 មួយគ្រឿង។ ហើយអភិបាលរុស្ស៉ីនៃតំបន់ ព្រីម៉ូរី ស្ថិតនៅជាប់ព្រំដែនជាមួយចិន និងកូរ៉េខាងជើង ក៏បានផ្ដល់អាវក្រោះការពារគ្រាប់កាំភ្លើងជាអំណោយដល់លោក គីម ផងដែរ។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចនៅរុស្ស៉ីរបស់លោក គីម ជុងអ៊ុន ដែលជាដំណើរទស្សនកិច្ចនៅក្រៅប្រទេសលើកដំបូងបំផុតរបស់លោក ចាប់តាំងពីការឆ្លងរាលដាលកូវីដ១៩មក បានបង្កឱ្យមានការព្រួយបារម្ភដល់បណ្ដាប្រទេសលោកខាងលិចថា ទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង អាចនឹងចុះកិច្ចព្រមព្រៀងអាវុធ នឹងគ្នា។

កាលពីថ្ងៃសៅរ៍កន្លងទៅនេះ លោក គីម បានជួបជាមួយរដ្ឋមន្ត្រីការពារជាតិរុស្ស៉ី នៅឯទីក្រុងវ៉្លាឌីវ៉ូស្ដុក ជាទីដែលលោក បានទស្សនាអាវុធរបស់រុស្ស៉ី ក្នុងនោះរួមមានទាំងមីស៊ីលល្បឿនលឿនជាងសំឡេងផងដែរ។

ប៉ុន្តែ វិមានក្រឹមឡាំង បានអះអាងថាមិនមានកិច្ចព្រមព្រៀងណាមួយ ត្រូវបានចុះហត្ថលេខា អំឡុងទស្សនកិច្ចរបស់លោក គីម ជុងអ៊ុន និងក្នុងជំនួបជាមួយលោក ពូទីន ឡើយ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី ការដកស្រង់ការផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។