បណ្តាញសង្គម

តួកគី អាចចែកផ្លូវជាមួយ EU ប្រសិនបើចាំបាច់

 ប្រធានាធិបតី លោក Tayyip Erdogan បានព្រលយពាក្យកាលពីថ្ងៃសៅរ៍ថា តួកគី អាច «ចែកផ្លូវ» ជាមួយសហភាពអឺរ៉ុប (EU) ប្រសិនបើចាំបាច់ នៅពេលត្រូវបានសាកសួរអំពីខ្លឹមសារនៃរបាយការណ៍របស់សភាអឺរ៉ុបស្តីពីតួកគី។

បើតាមរបាយការណ៍មួយ ដែលបានអនុម័តនៅដើមសប្តាហ៍នេះ ដំណើរការចូលជាសមាជិករបស់តួកគីក្នុងប្លុក EU មិនអាចបន្តឡើងវិញនោះទេក្នុងកាលៈទេសៈបច្ចុប្បន្ន ហើយបានស្នើឲ្យ EU ស្វែងរកក្របខ័ណ្ឌស្របគ្នា និងជាក់ស្តែងសម្រាប់ទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងអង់ការ៉ា។

លោក Erdogan បានប្រាប់អ្នកយកព័ត៌មានមុនពេលធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកថា «សហភាពអឺរ៉ុបកំពុងព្យាយាមបំបែកខ្លួនចេញពីតួកគី។ យើង នឹងធ្វើការវាយតម្លៃឆ្លើយតបចំពោះការវិវត្តន៍បែបនេះ ហើយបើចាំបាច់យើងអាចចែកផ្លូវជាមួយ EU តែម្តង»។

សូមបញ្ជាក់ថា តួកគី បានក្លាយជាបេក្ខភាពផ្លូវការដើម្បីចូលជាសមាជិក EU រយៈពេល ២៤ឆ្នាំ ប៉ុន្តែកិច្ចពិភាក្សាលើដំណើរការ ត្រូវជាប់គាំងនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជុំវិញការព្រួយបារម្ភរបស់ប្លុក អំពីការរំលោភសិទ្ធិមនុស្ស និងការគោរពនីតិរដ្ឋ នេះបើតាមការផ្សាយរបស់ AFP ។