បណ្តាញសង្គម

មេបក្សប្រឆាំងកូរ៉េខាងត្បូង ចូលពេទ្យក្រោយធ្វើកូដកម្មបង្អត់អាហារ ខណៈក្រុមរដ្ឋអាជ្ញាចង់ឱ្យមានដីកាចាប់ខ្លួន ពាក់ព័ន្ធសំណុំរឿងពុករលួយ (Video inside)

(សេអ៊ូល)៖ នាថ្ងៃចន្ទនេះ មេដឹកនាំគណបក្សប្រឆាំងធំជាងគេនៅប្រទេសកូរ៉េខាងត្បូង ត្រូវបានដឹកទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីរូបលោកបានធ្វើកូដកម្មបង្អត់អាហារខ្លួនឯង អស់រយៈពេលជាច្រើនថ្ងៃ ដើម្បីប្រឆាំងតវ៉ានឹងគោលនយោបាយរបស់រដ្ឋាភិបាល ហើយទន្ទឹមគ្នានេះដែរ ក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូង ក៏កំពុងព្យាយាមចង់ឱ្យមានដីកាចាប់ខ្លួនរូបលោក ថែមទៀតផង ជុំវិញការសង្ស័យប្រព្រឹត្តអំពើពុករលួយ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០២៣។ លោក លី ជែម្យុង (Lee Jae Myung) ប្រធានគណបក្សប្រជាធិបតេយ្យកូរ៉េ បានចាប់ផ្តើមការធ្វើកូដកម្មបង្អត់អាហារកាលពីថ្ងៃទី៣១ ខែសីហា ដើម្បីសម្តែងការតវ៉ាចំពោះរដ្ឋាភិបាលកូរ៉េខាងត្បូង ជុំវិញការដោះស្រាយបញ្ហាសេដ្ឋកិច្ច ការគំរាមកំហែងចំពោះសេរីភាពសារព័ត៌មាន និងភាពអសកម្មក្នុងការឆ្លើយតប ចំពោះការបង្ហូរទឹកកាកសំណល់វិទ្យុសកម្មរបស់ជប៉ុន ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ចូលទៅមហាសមុទ្រប៉ាស៉ីហ្វិក ក្នុងចំណោមរឿងផ្សេងៗទៀត។

លោក គីម ហ្គីហុន (Kim Gi Hyeon) ដែលជាប្រធានបក្សកាន់អំណាច បានទទូចឱ្យលោក លី បញ្ឈប់កូដកម្មបង្អត់អាហារនោះ ដោយនិយាយថា លោកត្រៀមខ្លួនជានិច្ចដើម្បីពិភាក្សាគ្នា អំពីបញ្ហាគោលនយោបាយ។

ដោយឡែកនៅប៉ុន្មានម៉ោង ក្រោយលោក លី ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូង បាននិយាយថា ពួកគេបានស្នើឱ្យមានការចេញដីកាចាប់ខ្លួនរូបលោក ក្រោមក្របខណ្ឌនៃការស៉ើបអង្កេតសំណុំរឿងពុករលួយ។

លោក លី បានរងការចោទប្រកាន់ថា បានបំពានភារកិច្ច ជុំវិញការធ្វើឱ្យខាតបង់ថវិការដ្ឋប្រមាណ២០ពាន់លានវ៉ុន (១៥លានដុល្លារ) ពាក់ព័ន្ធគម្រោងអភិវឌ្ឍន៍មួយ អំលុងពេលលោកនៅកាន់តំណែងជាចៅហ្វាយក្រុងសឹងណាម (Seongnam)។ ក្រុមរដ្ឋអាជ្ញាក៏បានចោទលោក លី អំពីការស៉ីសំណូកពាក់ព័ន្ធនឹងក្រុមហ៊ុនមួយ ដែលជាប់សង្ស័យក្នុងការផ្ទេរថវិកាដោយខុសច្បាប់៨លានដុល្លារ ទៅកាន់កូរ៉េខាងជើងផងដែរ។ មេដឹកនាំបក្សប្រឆាំងរូបនេះ បានអះអាងថា ខ្លួនមិនបានប្រព្រឹត្តខុសអ្វីឡើយ ហើយហៅការចោទប្រកាន់ទាំងនោះថា ជារឿងប្រឌិតនិងមានចេតនានយោបាយ។ គួរបញ្ជាក់ថា សភាកូរ៉េខាងត្បូងធ្លាប់បានបដិសេធសំណើកន្លងមករបស់ក្រុមរដ្ឋអាជ្ញា កាលពីខែកុម្ភៈ ឆ្នាំនេះ ដែលចង់ឱ្យមានដីកាចាប់ខ្លួនលោក។ លោក លី ជែម្យុង បានទទួលបរាជ័យក្រោមថ្វីដៃប្រធានាធិបតី លោក យូន ស៊ុកយុល ដែលជាអតីតអគ្គរដ្ឋអាជ្ញា នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកូរ៉េខាងត្បូង កាលពីឆ្នាំ២០២២ ក្នុងសំឡេងត្រឹមតែ០.៧ភាគរយប៉ុណ្ណោះ៕

 

ដកស្រង់ពី៖ Fresh News