បណ្តាញសង្គម

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នឹងធ្វើទស្សនកិច្ចទៅរុស្ស៉ីពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែកញ្ញា

 ក្រសួងការបរទេសចិន កាលពីថ្ងៃចន្ទ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៉ី ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែកញ្ញានេះ ដើម្បីចូលរួមក្នុងកិច្ចពិភាក្សាស្ដីពីសន្តិសុខ។

ចិន និងរុស្ស៉ី គឺជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្រ ដោយប្រទេសទាំង២តែងតែហៅទំនាក់ទំនងរបស់ខ្លួន គឺជាដៃគូគ្មានព្រំដែន ក៏ដូចជាកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធលើវិស័យសេដ្ឋកិច្ច និងយោធា។

ទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងប៉េកាំង កាន់តែស្អិតល្មួតខ្លាំងឡើង ក្រោយរុស្ស៉ីលើកទ័ពចូលឈ្លានពានអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ ដែលជាសង្រ្គាមឈ្លានពានមួយទទួលរងការថ្កោលទោសពីលោកខាងលិច។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការបរទេសចិន បានឱ្យដឹងថាលោក វ៉ាង យី នឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសរុស្ស៉ី ដើម្បីចូលរួមក្នុងកិច្ចប្រជុំប្រឹក្សាយោបល់យុទ្ធសាស្ត្រសន្តិសុខចិន -រុស្ស៉ី ហៅកាត់ថា SSCC ជុំទី១៨ ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែកញ្ញានេះ តបតាមការអញ្ជើញពីលោក នីកូឡៃ ផាទ្រូសេវ (Nikolai Patrushev) ជាលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៉ី។

សូមបញ្ជាក់ថា កាលពីខែសីហាកន្លងទៅ រដ្ឋមន្ត្រីការពារជាតិចិន លោក លី សាងហ្វូ ក៏បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៉ី និងបេឡារុសផងដែរ ជាមួយការអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែស្និទ្ធ នេះបើតាមការផ្សាយរបស់ AFP។