បណ្តាញសង្គម

រុស្ស៉ីប្រកាសថា លោក ពូទីន នឹងជួបលោក ស៉ី ជីនពីង នៅទីក្រុងប៉េកាំងក្នុងខែតុលា ខាងមុខនេះ

 ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី Interfax ដោយផ្អែកលើសម្តីលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៉ី បានផ្សាយកាលពីថ្ងៃអង្គារថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង នៅខែតុលាខាងមុខ ដើម្បីបើកកិច្ចប្រជុំកំពូលជាមួយ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង។

ថ្លែងក្នុងជំនួបពិភាក្សានៅឯទីក្រុងមូស្គូ ជាមួយរដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិនៃប្រទេសរុស្ស៉ី លោក នីកូឡៃ ប៉ាទ្រូសេវ (Nikolai Patrushev) បាននិយាយថា «នៅខែតុលា យើងទន្ទឹងរង់ចាំកិច្ចពិភាក្សាស៉ីជម្រៅរវាងប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន និងប្រធានាធិបតីចិន លោក ស៉ី ជីនពីង»។

បើតាមលោក Patrushev អំលុងពេលស្ថិតនៅទីក្រុងប៉េកាំង លោក ពូទីន ក៏នឹងចូលរួមវេទិកានៃកិច្ចផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវផងដែរ។

សូមបញ្ជាក់ថា កាលពីខែមីនា ឆ្នាំនេះ លោកប្រធានាធិបតីចិន បានធ្វើទស្សនកិច្ចទៅដល់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាគ្នាជាមួយលោក ពូទីន ខណៈវា គឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ស៉ី ទៅកាន់ប្រទេសរុស្ស៉ី គិតចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើង និងក្រោយពេលតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនលោក ពូទីន ពាក់ព័ន្ធការចោទប្រកាន់ឧក្រិដ្ឋកម្មសង្រ្គាមនៅអ៊ុយក្រែន។

ចាប់តាំងពីសង្រ្គាមចាប់ផ្តើមមក លោកប្រធានាធិបតីរុស្ស៉ី បានចេញទៅបំពេញទស្សនកិច្ចតែនៅប្រទេសមួយចំនួន ដែលជាអតីតរដ្ឋសូវៀត ព្រមទាំងអ៉ីរ៉ង់ប៉ុណ្ណោះ ហើយលោកក៏មិនបានទៅចូលរួមដោយផ្ទាល់ ក្នុងកិច្ចប្រជុំអន្តរជាតិជាច្រើនផងដែរ នេះបើតាមការផ្សាយរបស់ Reuters ។