បណ្តាញសង្គម

រដ្ឋបាលលោក បៃដិន អញ្ជើញនាយករដ្ឋមន្រ្តីអ៉ីរ៉ាក់ ទៅកាន់សេតវិមាន នៅថ្ងៃខាងមុខ

 អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយថា នាយករដ្ឋមន្រ្តីអ៉ីរ៉ាក់ លោក មហំាម៉ាត់ សៀ អាល់ស៊ូដានី (Mohammed Shia Al-Sudani) បានជួបរដ្ឋមន្រ្តីការបរទេស លោក អាន់តូនី ប្លីនខិន (Antony Blinken) កាលពីថ្ងៃចន្ទសប្តាហ៍នេះ និងទទួលបានការអញ្ជើញពីលោកប្រធានាធិបតី ចូ បៃដិន ឲ្យមកកាន់សេតវិមាន។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ាក់ បានផ្សាយថា លោក ស៊ូដានី កំពុងស្ថិតក្នុងទីក្រុងញូយ៉ក ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ ហើយចំពោះកាលបរិច្ឆេទនៃការបំពេញទស្សនកិច្ចនៅក្នុងទីក្រុងវ៉ាស៉ីនតោន នឹងត្រូវកំណត់នៅពេលក្រោយ។

បើតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ស៊ូដានី និងលោក ប្លីនខិន បានបន្តការប្តេជ្ញាចិត្ត ដើម្បីពង្រឹងភាពជាដៃគូរវាងប្រទេសទាំងពីរ។ លោក ប្លីនខិន ក៏បានបញ្ជាក់ការគាំទ្ររបស់សហរដ្ឋអាមេរិក សម្រាប់ការបើកឡើងវិញនូវបំពង់បង្ហូរប្រេង រវាងតំបន់ពាក់កណ្តាលស្វយ័ត Kurdistan ដែលស្ថិតនៅភាគខាងជើងនៃប្រទេសអ៉ីរ៉ាក់ និងប្រទេសតួកគីផងដែរ។

សូមបញ្ជាក់ថា អ៉ីរ៉ាក់ គឺជាដៃគូជិតស្និទ្ធរបស់សហរដ្ឋអាមេរិក ចាប់តាំងពីមានការឈ្លានពានរបស់ទីក្រុងវ៉ាស៊ីនតោន ឆ្នាំ២០០៣ ហើយភាគីទាំងពីរ កំពុងព្យាយាមពង្រីកទំនាក់ទំនងរបស់ពួកគេ ដោយក្រៅតែពីការផ្តោតសំខាន់លើវិស័យការពារជាតិ និងប្រឆាំងភេរវកម្ម ឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នេះបើតាមការផ្សាយរបស់ AFP ។