បណ្តាញសង្គម

លោក គីម ជុងអ៊ុន ប្រាប់លោក ស៉ី ជីនពីង ក្នុងលិខិតថា លោកសង្ឃឹមបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត

 ប្រមុខដឹកនាំកំពូលនៃកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្តេជ្ញាថា នឹងបង្កើនទំនាក់ទំនងប្រកបដោយ កិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិនបន្ថែមទៀត ក្នុងសារលិខិតមួយផ្ញើទៅកាន់ប្រធានាធិបតីចិន លោក ស៉ី ជីនពីង ក្នុងសប្តាហ៍នេះ។

ដំណឹងនៃការផ្ញើលិខិតខាងលើ ត្រូវបានផ្សាយកាលពីថ្ងៃអាទិត្យដោយទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA។ លិខិតនោះ គឺជាសារឆ្លើយតបចំពោះការអបអរសាទររបស់លោក ស៉ី ដែលបានផ្ញើទៅកាន់លោក គីម ជុងអ៊ុន សម្រាប់ឱកាសខួបនៃការបង្កើតប្រទេសកូរ៉េខាងជើង នាពេលកន្លងទៅក្នុងខែកញ្ញានេះ។

ក្នុងសារអបអរនោះ លោកប្រធានាធិបតីចិន បានបង្ហាញពីឆន្ទៈដើម្បីបន្តពង្រឹងការធ្វើទំនាក់ទំនងជាយុទ្ធសាស្រ្តនឹងគ្នា ក៏ដូចជាកិច្ចសហប្រតិបត្តិការកម្រិតការងារ។

សូមបញ្ជាក់ថា រីឯលិខិតរបស់លោក គីម ដែលបានផ្ញើទៅកាន់លោក ស៉ី វិញ បានលើកឡើងថា «ខ្ញុំជឿជាក់ថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការកូរ៉េខាងជើង-ចិន នឹងបន្តអភិវឌ្ឍទៅមុខដោយស្ថិរភាពស្របជាមួយតម្រូវការនៃសម័យកាលថ្មី និងការចង់បានរបស់ប្រជាជននៃប្រទេសទាំង២ នាពេលអនាគត» នេះបើតាមការផ្សាយរបស់ AFP ។