បណ្តាញសង្គម

រុស្ស៉ី អះអាងពីការវាយប្រហាររបស់អ៊ុយក្រែនលើតំបន់ Kursk និង Belgorod

 (មូស្គូ)៖ មន្រ្តីក្នុងតំបន់និយាយថា ការវាយប្រហារដោយយន្តហោះដ្រូនរបស់អ៊ុយក្រែនទៅលើតំបន់ឃឺស (Kursk) បានបំផ្លាញផ្ទះឯកជនប្រជាជន និងអគាររដ្ឋបាលមួយកន្លែង ខណៈដ្រូន ២គ្រឿងទៀតដែលបាញ់ចេញអ៊ុយក្រែន ត្រូវបានបំផ្លាញនៅតំបន់បែលហ្គោរូដ (Belgorod) របស់រុស្ស៉ី។

នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣។ អភិបាលតំបន់ បានឲ្យដឹងតាមបណ្តាញតេឡេក្រាមថា យោងតាមព័ត៌មានបឋម មិនមានអ្នកស្លាប់ដោយសារការវាយប្រហារណាមួយឡើយ។

ទំហំនៃការវាយប្រហារលើតំបន់ Kursk ដែលស្ថិតជាប់ព្រំដែនជាមួយអ៊ុយក្រែន ក៏នៅមិនទាន់អាចបញ្ជាក់បានដែរ។ យ៉ាងនេះក្តី ប្រព័ន្ធផ្សព្វផ្សាយមិនអាចផ្ទៀងផ្ទាត់សេចក្តីរាយការណ៍នេះ ដោយឯករាជ្យបាននោះទេ។

គួរបញ្ជាក់ថា អ៊ុយក្រែនកម្រអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនៅក្នុងប្រទេស ឬនៅលើទឹកដីដែលគ្រប់គ្រងដោយរុស្ស៉ី ក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះ អ៊ុយក្រែនថាការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយោធារបស់រុស្ស៉ី បានជួយដល់ប្រតិបត្តិការវាយបករបស់ខ្លួន៕

ដកស្រង់ពី៖ Fresh News