បណ្តាញសង្គម

ថៃ អាចនឹងប្តូរទៅទិញនាវាចម្បាំងជំនួសនាវាមុជទឹកពីប្រទេសចិន ក្រោយកិច្ចព្រមព្រៀងមានបញ្ហា

 រដ្ឋមន្រ្តីការពារជាតិថៃ បាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលថៃ អាចនឹងប្តូរទៅទិញនាវាចម្បាំងវិញ ជំនួសឱ្យនាវាមុជទឹកពីប្រទេសចិន បន្ទាប់ពីភាគីចិន មិនអាចផ្តល់ម៉ាស៉ីនអាល្លឺម៉ង់ ដូចដែលបានបញ្ជាក់នៅ ក្នុងកិច្ចព្រមព្រៀងដើម។

ប្រទេសថៃ បានចំណាយថវិកាសរុបប្រមាណ ៧ពាន់លានបាត ឬស្មើនឹង១៩៣.៧លានដុល្លាររួចទៅហើយ ទៅកាន់ចិនសម្រាប់ការទិញនាវាមុជទឹក Yuan Class S26T ១គ្រឿងក្នុងចំណោម៣គ្រឿង ដែល បំពាក់ម៉ាស៉ីលម៉ាស៊ូតផលិតដោយអាល្លឺម៉ង់ ប៉ុន្តែកិច្ចព្រមព្រៀង ត្រូវបានពន្យារពេលនៅពេលអាល្លឺម៉ង់ ហាម ឃាត់ការប្រើប្រាស់ម៉ាស៉ីនរបស់ខ្លួន សម្រាប់ផលិតផលយោធានាំចេញរបស់ចិន។

ចិន បានស្នើបំពាក់ ម៉ាស៉ីនផលិតដោយចិនផ្ទាល់ ជំនួសម៉ាស៉ីនអាល្លឺម៉ង់ នៅក្នុងកិច្ចចរចាប៉ុន្មានជុំកន្លងមក ប៉ុន្តែពុំទទួលបាន លទ្ធផលសម្រេចនោះទេ។ រដ្ឋមន្រ្តីការពារជាតិថៃ លោក Sutin Klungsang បាននិយាយថា រដ្ឋាភិបាលថៃបានលើកឡើងទៅកាន់ចិន អំលុងទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តី លោក សេដ្ឋា ថាវីស៉ីន កាលពីសប្តាហ៍មុនថា ទីក្រុងបាងកកចង់ទិញ នាវាចម្បាំងថ្នាក់ frigate ជំនួសឱ្យនាវាមុជទឹក។

បើតាមលោក Sutin ខាងភាគីចិន កំពុងតែពិចារណា លើរឿងនេះ ហើយនឹងមានការពិភាក្សាគ្នាបន្ថែមទៀត នៅខែក្រោយ។ រដ្ឋាភិបាលថៃមុន សម្រេចបានកិច្ចព្រមព្រៀងដើម្បីទិញនាវាមុជទឹក១គ្រឿងដំបូង ក្នុងចំណោម៣គ្រឿង កាលពីឆ្នាំ២០១៧ សម្រាប់តម្លៃ៣៧៣.៥៥លានដុល្លារ។

រីឯការបញ្ជាទិញសម្រាប់នាវាមុជទឹក ២គ្រឿង ទៀត សម្រាប់តម្លៃ៦២២.៥៨លានដុល្លារ ទទួលបានការអនុម័តជាបឋម ដោយគណៈកម្មាធិការនៃសភាថៃ កាលពីឆ្នាំ២០២០។

សូមបញ្ជាក់ថា កិច្ចព្រមព្រៀងនាវាមុជទឹកចិន បានបង្កឱ្យមានការរិះគន់ចំពោះរដ្ឋាភិបាលថៃមុន ដោយក្រុម ប្រឆាំងនិងអ្នករិះគន់បានលើកអំពីសំណួរថា តើវាជាប្រយោជន៍សម្រាប់ប្រជាជនថៃដទៃឬទេ ហើយនាវា មុជទឹក ពិតជាចាំបាច់សម្រាប់សន្តិសុខជាតិឬយ៉ាងណា។

កងទ័ពជើងទឹកនៃប្រទេសថៃ ធ្លាប់បានអះអាងថា ការទិញនាវាមុជទឹក គឺមានសារសំខាន់ ចំពោះផលប្រយោជន៍ការពារជាតិររយៈពេលវែងរបស់ថៃ។