បណ្តាញសង្គម

រដ្ឋមន្រ្តីការបរទេសចិន នឹងបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៉ីនតោន ក្នុងសប្តាហ៍នេះ

 សហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃចន្ទថា ប្រមុខការទូតចិន នឹងធ្វើទស្សនកិច្ចដ៏កម្រមួយមកកាន់ទីក្រុង វ៉ាស៉ីនតោនក្នុងសប្តាហ៍នេះ ដែលអាចត្រួសត្រាយផ្លូវសម្រាប់ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ស៉ី ជិនពីង។

ប្រសិនបើមិនមានការប្រែប្រួលទេ លោក វ៉ាង យី ដែលជាមន្ត្រីទូតកំពូលរបស់ចិន នឹងមានវត្តមានក្នុងរដ្ឋធានី របស់សហរដ្ឋអាមេរិក ចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសៅរ៍ គិតក្នុងរយៈពេលជិត ៥ឆ្នាំ ចំពោះមុខភាពតានតឹងផ្នែក ពាណិជ្ជកម្ម វិបត្តិអ៊ុយក្រែន បញ្ហាតៃវ៉ាន់ ជម្លោះក្នុងតំបន់មជ្ឈិមបូព៌ា និងការកើនឡើងនូវភាពតានតឹងនៅឯ សមុទ្រចិនខាងត្បូង។

មន្រ្តីជាន់ខ្ពស់ម្នាក់របស់សហរដ្ឋអាមេរិក បាននិយាយថា ផែនការនៃដំណើរទស្សនកិច្ចនេះ គឺជាផ្នែកមួយនៃកិច្ច ខិតខំប្រឹងប្រែងរបស់មហាអំណាចទាំងពីរ ដើម្បីគ្រប់គ្រងការប្រកួតប្រជែងប្រកបដោយការទទួលខុសត្រូវ។

នៅ ពេលត្រូវបានសាកសួរថា តើដំណើរទស្សនកិច្ចរបស់លោក វ៉ាង នឹងត្រួសត្រាយឲ្យមានទស្សនកិច្ចផ្លូវការរបស់ លោក ស៉ី ជិនពីង ដែរឬទេ? មន្ត្រីអាមេរិកមួយរូបទៀត បានឆ្លើយដោយមិនបញ្ជាក់លម្អិតថា លោក បៃដិន ធ្លាប់និយាយជាច្រើនដងថា នឹងបានជួប លោក ស៉ី នាពេលខាងមុខ។

សូមបញ្ជាក់ថា ចិន និងសហរដ្ឋអាមេរិក ក្នុងប៉ុន្មានខែថ្មីៗនេះ បានបង្ហាញពីចំណាប់អារម្មណ៍ក្នុង ការចៀសវាង ជម្លោះ។ ប៉ុន្តែប្រឈមមុខនឹងការផ្ទុះឡើងនៃអំពើហិង្សានៅតំបន់មជ្ឈិមបូព៌ា ចិន និងសហរដ្ឋអាមេរិក ហាក់កំពុង ស្វែងរកផលប្រយោជន៍ផ្នែកការទូត ប្រឆាំងគ្នាទៅវិញទៅមក នេះបើតាមការផ្សាយរបស់ Reuters ។