បណ្តាញសង្គម

រដ្ឋមន្ត្រីសន្តិសុខចិន ធ្វើដំណើរទៅមីយ៉ាន់ម៉ា ក្រោយមានការផ្ទុះអាវុធ នៅតាមបណ្ដោយព្រំដែន

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា កាលពីថ្ងៃអង្គារ បានផ្សាយថា រដ្ឋមន្ត្រីសន្តិសុខចិន លោក Wang Xiaohong បានបើកកិច្ចពិភាក្សាជាមួយក្រុមមន្ត្រីនៃរបបសឹកមីយ៉ាន់ម៉ា ស្ដីពីការថែរក្សាសន្តិភាពនៅតាមបណ្ដោយព្រំដែនជាប់គ្នានៃប្រទេសទាំង២ បន្ទាប់ពីមានការប៉ះទង្គិចគ្នា រវាងកងកម្លាំងប្រដាប់អាវុធជនជាតិដើមភាគតិច និងយោធាមីយ៉ាន់ម៉ា។

តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា Global New Light លោក Wang Xiaohong ដែលជាសមាជិកគណៈរដ្ឋមន្ត្រីចិន និងក្រុមប្រឹក្សារដ្ឋផងនោះ បានជួបពិភាក្សារដ្ឋមន្ត្រីមហាផ្ទៃមីយ៉ាន់ម៉ា លោកឧត្តមសេនីយ៍ឯក Yar Pyae ក្នុងរដ្ឋធានីណៃពិដោរ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា បានបន្ថែមថា រដ្ឋមន្ត្រីទាំង២ បានពិភាក្សាគ្នាពីសន្តិភាព និងភាពសុខសាន្តនៅតាមបណ្ដោយព្រំដែននៃប្រទេសទាំង២ ព្រមទាំងកិច្ចសហប្រតិបត្តិការលើការពង្រឹងច្បាប់ និងសន្តិសុខ ប៉ុន្តែមិនបានបញ្ជាក់អ្វីលម្អិតលើសពីនេះឡើយ។

សូមបញ្ជាក់ថា ជំនួបរវាងលោក Wang Xiaohong និងលោក Yar Pyae កើតមានឡើង បន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយអាវុធរវាងកងកម្លាំងជនជាតិដើមភាគតិច និងយោធាមីយ៉ាន់ម៉ា នៅរដ្ឋ Shan នៃភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ជាទីដែលគម្រោងផ្លូវដែកមួយមានទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ ត្រូវបានគ្រោងឡើងក្រោមក្របខណ្ឌនៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់ចិន នេះបើតាមការផ្សាយរបស់ AFP។