បណ្តាញសង្គម

ចំនួនមនុស្សស្លាប់ បន្តកើនលើស១៣,០០០នាក់ ក្នុងសង្រ្គាមអ៉ីស្រាអែល នៅតំបន់ហ្កាហ្សា

អាជ្ញាធរនៃតំបន់ហ្កាហ្សាស្រ្ទីប (Gaza Strip) ដែលគ្រប់គ្រងដោយក្រុមហាម៉ាសប៉ាឡេស្ទីន បានឱ្យដឹងថា ចំនួនមនុស្សស្លាប់ក្នុងសង្រ្គាមរបស់អ៉ីស្រាអែលនៅទីនោះ បានបន្តកើនឡើងលើសពី១៣,០០០នាក់ហើយ ក្នុងរយៈពេលប្រមាណជាងមួយខែកន្លងមកនេះ។

អាជ្ញាធរសុខាភិបាលហាម៉ាស បាននិយាយថា ក្នុងចំណោមអ្នកបាត់បង់ជីវិតទាំងនោះ គឺមានកុមារដល់ទៅ ជាង ៥,៥០០នាក់ ព្រមទាំងស្រ្តី៣,៥០០នាក់ ហើយនិងអ្នករងរបួស ៣០,០០០នាក់ផ្សេងទៀត។

ទន្ទឹមគ្នា នេះ តួលេខអ្នកបាត់ខ្លួន បានកើនហួស៦,០០០នាក់ ដែលរួមមានទាំងកុមារ និងស្រ្តីសរុបប្រហែល ៤,០០០ នាក់។ មិនតែប៉ុណ្ណោះ កន្លែងស្នាក់នៅច្រើនជាង៤៣,០០០ខ្នង ត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង ខណៈ២២៥,០០០ខ្នងផ្សេងទៀត បានរងការខូចខាតដោយសារតែសង្រ្គាម។

រីឯមន្ទីរពេទ្យ២៥កន្លែង និង មជ្ឈមណ្ឌលសុខភាព៥២កន្លែង ក៏លែងអាចធ្វើប្រតិបត្តិការតទៀតបានផងដែរ។

សូមបញ្ជាក់ថា អ៉ីស្រាអែល បានចាប់ផ្តើមបើកការវាយប្រហារតាមផ្លូវអាកាសយ៉ាងខ្លាំងក្លាមិនធ្លាប់មាន ព្រមជាមួយប្រតិបត្តិការយោធាតាមផ្លូវគោក ប្រឆាំងតំបន់ Gaza Strip កាលពីថ្ងៃទី៧ ខែតុលា នៅពេលដែលក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន បានឆ្មក់វាយលុកទ្រង់ទ្រាយធំលើភាគខាងត្បូងអ៉ីស្រាអែល ដែលបានសម្លាប់មនុស្ស១២,០០០នាក់ និងចាប់ចំណាប់ខ្មាំងប្រមាណ២៤០នាក់ផ្សេងទៀត នេះបើតាមការផ្សាយរបស់ AFP នៅថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។