បណ្តាញសង្គម

សហរដ្ឋអាមេរិក បើកការវាយប្រហារលើគោលដៅ ២កន្លែង ក្នុងប្រទេសអ៉ីរ៉ាក់

យោធាអាមេរិក បានដឹកនាំការវាយប្រហារតាមផ្លូវអាកាសលើទីតាំងចំនួន២ នៅក្នុងប្រទេសអ៉ីរ៉ាក់ កាលពីព្រឹកថ្ងៃពុធ ដោយសម្លាប់អ្នកប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ចំនួន៨នាក់ ជាការសងសឹកទៅនឹងការវាយប្រហារឥតឈប់ឈរពីលើកងទ័ពអាមេរិក។

ដោយឡែក មន្ត្រីអាមេរិកម្នាក់មកពីមន្ទីរបញ្ចកោណ បានឱ្យដឹងនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ការវាយប្រហារនេះ ធ្វើឡើងដោយយន្ដហោះចម្បាំងអាមេរិក ដោយបានបំផ្លាញមជ្ឈមណ្ឌប្រតិបត្តិការមួយ និងទីបញ្ជាការមួយរបស់ក្រុម Kataeb Hezbollah ស្ថិតនៅភាគខាងត្បូង នៃរដ្ឋធានីបាកដាដ។

សូមបញ្ជាក់ថា ក្រុម Kataeb Hezbollah ជាចលនាប្រដាប់អាវុធដ៏មានឥទ្ធិពលមួយគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសអ៉ីរ៉ាក់ ហើយនេះក៏ជាលើកដំបូងដែរ ដែលសហរដ្ឋអាមេរិក បើកការវាយប្រហារលើចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់នៅក្នុងប្រទេសអ៉ីរ៉ាក់ ក្រោយបានវាយប្រហារជាបន្តបន្ទាប់លើមូលដ្ឋានរបស់ចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់ នៅក្នុងប្រទេសស៊ីរី ជាការសងសឹកទៅនឹងការវាយប្រហារលើកងទ័ពអាមេរិក ចាប់តាំងពីសង្រ្គាមរវាង អ៉ីស្រាអែល និងហាម៉ាសផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលាមក នេះបើតាមការផ្សាយរបស់ AFP។