បណ្តាញសង្គម

UN អះអាងថា ការប្រយុទ្ធគ្នាថ្មីៗនេះនៅមីយ៉ាន់ម៉ា បង្ខំឱ្យមនុស្សសរុបជាង២៨០,០០០នាក់ ត្រូវព្រាត់ប្រាសពីផ្ទះសម្បែង

 (យូអិន)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ អង្គការសហប្រជាជាតិ (UN) បានឱ្យដឹងថា មនុស្សសរុបកើនដល់ជាង២៨៦,០០០នាក់ហើយ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានបង្ខំឱ្យរត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ដោយសារតែការប្រយុទ្ធគ្នាប៉ុន្មានសប្តាហ៍មកនេះ រវាងក្រុមចលនាប្រដាប់អាវុធជនជាតិភាគតិច ហើយនិងកងកម្លាំងរបស់រដ្ឋាភិបាលយោធា។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ លោក Farhan Haq អ្នកនាំពាក្យរងរបស់អគ្គលេខាធិការ UN លោក Antonio Guterres បាននិយាយដូច្នេះថា «ក្រុមភ្នាក់ងារកិច្ចការមនុស្សធម៌របស់យើង បានប្រាប់យើងថា ការប្រយុទ្ធគ្នាដ៏ក្តៅគគុករវាងក្រុមចលនាប្រដាប់អាវុធជនជាតិភាគតិច និងកងកម្លាំងយោធាមីយ៉ាន់ម៉ា គឺកំពុងតែបន្តហើយបានរីករាលដាលដល់ កន្លែងកាន់តែច្រើនថែមទៀត រួមមានទាំងតំបន់ទីប្រជុំជន ដែលមានមនុស្សរស់នៅប្រមូលផ្តុំផងដែរ»។

យោងតាមលោក Haq កន្លែងដែលមានការប្រយុទ្ធគ្នាខ្លាំងធ្ងន់ធ្ងរជាងគេ គឺស្ថិតនៅរដ្ឋ Shan, Sagaing, Kayah, Rakhine និង Chin ហើយគិតត្រឹមពេលនេះ មនុស្សកើនដល់ជាង ២៨៦,០០០នាក់ហើយ ត្រូវបានបង្ខំឱ្យរត់ភៀសខ្លួនពីផ្ទះសម្បែង គិតចាប់តាំងពីការកើនឡើងនៃការប្រយុទ្ធគ្នា កាលចុងខែតុលា ហើយតួលេខនេះ ត្រូវបានរំពឹងថា នឹងបន្តកើនឡើងថែមទៀត។

ដោយឥឡូវមានប្រជាជនសរុបជាង ២លាននាក់ ត្រូវបានបង្ខំឱ្យព្រាត់ប្រាសពីលំនៅដ្ឋាន នៅក្នុងប្រទេសមីយ៉ាន់ម៉ា លោក Haq បានអំពាវនាវឱ្យមានការជួយផ្តល់មូលនិធិជាបន្ទាន់ សម្រាប់ជំនួយមនុស្សធម៌។ គួរបញ្ជាក់ថា ការប្រយុទ្ធគ្នាខ្លាំងបានផ្ទុះឡើងដំបូងកាលពីថ្ងៃទី២៦ ខែតុលា នៅរដ្ឋ Shan ភាគខាងជើង កៀកព្រំប្រទល់ប្រទេសចិន នៅពេលចលនាប្រដាប់អាវុធជនជាតិភាគតិច ចំនួន៣ក្រុម បានសហការគ្នាបើកការវាយប្រហារប្រឆាំងកងកម្លាំងរបស់របបយោធា។

បន្ទាប់មក ចលនា Arakan Army (AA) ដែលស្ថិតក្នុងសម្ព័ន្ធភាពខាងលើ ក៏បានបើកការវាយប្រហារកាលពីដើមសប្តាហ៍មុន នៅរដ្ឋ Rakhine ភាគខាងលិច ស្របពេលដែលការប្រយុទ្ធគ្នាកើតមានឡើង នៅរដ្ឋ Kayah ភាគខាងកើត ដែលនៅមិនឆ្ងាយប៉ុន្មានពីព្រំប្រទល់ថៃ៕

ដកស្រង់ពី៖ Fresh News