បណ្តាញសង្គម

នាវាចម្បាំងអាមេរិកដែលល្បាតសមុទ្រក្រហម បាញ់ស្ទាក់យន្តហោះដ្រូនវាយប្រហារជាច្រើនគ្រឿង បញ្ជូនមកពីប្រទេសយេម៉ែន

 (វ៉ាស៉ីនតោន)៖ បញ្ជាការដ្ឋានអាមេរិក CENTCOM បានឱ្យដឹងថា នាវាចម្បាំងអាមេរិក១គ្រឿង ដែលធ្វើប្រតិបត្តិការល្បាតនៅសមុទ្រក្រហម នាថ្ងៃព្រហស្បតិ៍នេះ បានបាញ់ស្ទាក់យន្តហោះដ្រូនវាយប្រហារជាច្រើនគ្រឿង ដែលត្រូវបានបញ្ជូនចេញមកពីតំបន់គ្រប់គ្រងដោយក្រុមហ៊ូទី (Huthi) នៅក្នុងប្រទេសយេម៉ែន។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ ទីបញ្ជាការ CENTCOM បានប្រកាសឱ្យដឹងនៅលើបណ្តាញសង្គម X យ៉ាងដូច្នេះថា «នាវេលាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា (ពេលវេលានៅក្នុងប្រទេសយេម៉ែន) នាវាចម្បាំង USS Thomas Hudner បានបាញ់ទម្លាក់យន្តហោះដ្រូនវាយប្រហារអត្តឃាតជាច្រើនគ្រឿង ដែលហោះចេញមកពីតំបន់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាមហ៊ូទី នៅឯប្រទេសយេម៉ែន។

នាវាចម្បាំងព្រមទាំងនាវិកនៅលើនោះ ពុំបានរងការខូចខាតឬក៏រងរបួសអ្វីឡើយ»។ ក្រុមហ៊ូទីយេម៉ែនបានប្រកាស ពួកគេគឺជាផ្នែកនៃបក្សសម្ព័ន្ធចលនាតស៊ូ ដែលប្រមូលផ្តុំដោយសម្ព័ន្ធមិត្ត ក៏ដូចជាក្រុមសកម្មប្រយុទ្ធគាំទ្រដោយប្រទេសអ៉ីរ៉ង់ ដែលបានប្រឆាំងសងសឹកចំពោះសង្រ្គាមអ៉ីស្រាអែល ជាមួយក្រុមហាម៉ាសប៉ាឡេស្ទីន នៅតំបន់ Gaza Strip។

ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមអ៉ីស្រាអែល-ហាម៉ាស កាលពីថ្ងៃទី៧ ខែតុលាមក ក្រុមហ៊ូទីបានបាញ់យន្តហោះដ្រូននិងមីស៉ីលជាបន្តបន្ទាប់ សំដៅទៅកាន់ប្រទេសអ៉ីស្រាអែល។ កាលពីថ្ងៃពុធសប្តាហ៍នេះ អ៉ីស្រាអែលបានអះអាងអំពី ការបាញ់ស្ទាក់មីស៉ីលគ្រូស១គ្រាប់ ហោះឆ្ពោះមកកាន់ភាគខាងត្បូងនៃប្រទេសរបស់ខ្លួន។ ក្រុមហ៊ូទីបានអះអាងថា ខ្លួនគឺជាអ្នកបាញ់មីស៉ីលនោះ។

គួរបញ្ជាក់ថា ក្រុមហ៊ូទីក៏បានព្រមានកំណត់គោលដៅ លើកប៉ាល់ដឹកជញ្ជូនរបស់អ៉ីស្រាអែលផងដែរ ហើយកាលពីថ្ងៃអាទិត្យសប្តាហ៍មុន ពួកគេបានរឹបអូសកប៉ាល់ដឹកទំនិញ ១គ្រឿង ឈ្មោះ Galaxy Leader ដែលមានទំនាក់ទំនងជាមួយអ៉ីស្រាអែល រួមទាំងនាវិកអន្តរជាតិទាំង២៥នាក់ នៅលើកប៉ាល់នោះ នៅឯច្រកចូលទៅកាន់សមុទ្រក្រហម។

ក្នុងសប្តាហ៍នេះ ទីក្រុងវ៉ាស៉ីនតោនបានឱ្យដឹងថា ខ្លួនកំពុងពិចារណាកត់ឈ្មោះក្រុមហ៊ូទី ចូលក្នុងបញ្ជីអង្គការភេរវកម្ម ក្រោយករណីរឹបអូសកប៉ាល់ខាងលើ៕

ដកស្រង់ពី៖ Fresh News