បណ្តាញសង្គម

លោក ស៉ី ជីនពីង បង្ហាញឆន្ទៈបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបេឡារុស ក្រោយជួបលោក លូកាសិនកូ

(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានដកស្រង់សម្តីរបស់លោកប្រធានាធិបតី ស៉ី ជីនពីង ក្រោយជួបប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ដឺ លូកាសិនកូ (Alexander Lukashenko) ដែលគូសបញ្ជាក់ថា ចិនមានឆន្ទៈបន្តពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ជាមួយបេឡារុស។

នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៤ ខែធ្នូ ឆ្នាំ២០២៣។ ទីភ្នាក់ងារព័ត៌មានស៊ិនហួ បានរាយការណ៍ថា ចិននឹងបង្កើនការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការជាមួយបេឡារុស ក្នុងយន្តការពហុភាគី ដូចជាតាមរយៈអង្គការសហប្រជាជាតិ និងអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ជាដើម។

លោក ស៉ី បានប្រាប់ លោក Lukashenko ថា ប្រទេសទាំងពីរគួរតែកែលម្អកិច្ចសម្របសម្រួល លើការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ក៏ដូចជាការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។ លោក ស៉ី ក៏បាននិយាយផងដែរថា ទីក្រុងប៉េកាំង និងប្រទេសអឺរ៉ុបខាងកើតមួយនេះ គួរតែអនុវត្តគម្រោង ដូចជាសួនឧស្សាហកម្មចិន-បេឡារុស និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម។

គួរបញ្ជាក់ថា មេដឹកនាំបេឡារុស កំពុងស្ថិតនៅក្នុងទីក្រុងប៉េកាំង សម្រាប់កិច្ចពិភាក្សដែលផ្តោតលើវិស័យពាណិជ្ជកម្ម និងជាដំណើរទស្សនកិច្ចលើកទី ២ ក្នុងឆ្នាំ២០២៣ គិតចាប់ពីខែមីនាមក៕

ដកស្រង់ពី៖ Fresh News