បណ្តាញសង្គម

ប៉េកាំង កំពុងសម្លឹងរកការពង្រឹងទំនាក់ទំនងស៊ីជម្រៅ ជាមួយសហភាពអឺរ៉ុប, នេះបើតាមប្រមុខការទូតចិន (Video inside)

(ប៉េកាំង)៖ រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី បាននិយាយថា ចិនរំពឹងថានឹងជំរុញទំនាក់ទំនងជាមួយសហភាពអឺរ៉ុប (EU) នៅក្នុងកិច្ចប្រជុំកំពូលមួយ នាពេលខាងមុខ ដោយផ្តោតលើកិច្ចសហប្រតិបត្តិការជាក់លាក់ ចំពេលប្រឈមមុខនឹងស្ថានការណ៍ដ៏ស្មុគស្មាញ ក៏ដូចបញ្ហាធំៗជាច្រើន។

នេះបើយោងតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Xinhua នៅថ្ងៃអង្គារ ទី៥ ខែធ្នូ ឆ្នាំ២០២៣។ ទីភ្នាក់ងារព័ត៌មានចិន Xinhua បានរាយការណ៍ថា ក្នុងជំនួបមួយនៅទីក្រុងប៉េកាំងកាលពីថ្ងៃចន្ទសប្តាហ៍នេះ ជាមួយបេសកជនការទូតរបស់ EU ប្រចាំ ប្រទេសចិន លោក វ៉ាង យី បាននិយាយថា ភាគីទាំងពីរគួរតែមើលលើទំនាក់ទំនងទ្វេភាគីតាមទស្សនៈជាយុទ្ធសាស្ត្រ ហើយគោលនយោបាយរបស់ចិន ចំពោះអឺរ៉ុបនៅតែមានស្ថិរភាព។

លោក វ៉ាង បានបញ្ជាក់ថា «ចិន និង EU មិនមានការយល់ឃើញដូចគ្នាទាំងស្រុងទេ លើបញ្ហាអន្តរជាតិនិងតំបន់ ដូចនេះមានតែការប្រកាន់ខ្ជាប់នូវ ការប្រាស្រ័យទាក់ទងគ្នា និងការសម្របសម្រួលប៉ុណ្ណោះ ទើបយើងអាចដើរតួនាទីស្ថាបនាក្នុងការរក្សាសន្តិភាព និងស្ថិរភាពពិភពលោក ក៏ដូចជាដោះស្រាយបញ្ហាប្រឈមនានាជាសកល»។

គួរបញ្ជាក់ថា ការកត់សម្គាល់របស់ប្រមុខការទូតចិន បានធ្វើឡើងមុនកិច្ចប្រជុំកំពូលដែលអាចទៅរួច រវាងលោកប្រធានាធិបតី ស៉ី ជីនពីង ជាមួយ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen នៅថ្ងៃព្រហស្បតិ៍ខាងមុខ៕

ដកស្រង់ពី៖ Fresh News