បណ្តាញសង្គម

ចំនួនមនុស្សស្លាប់ដោយសារបន្ទុះភ្នំភ្លើងនៅឥណ្ឌូណេស៉ី កើនដល់១៣នាក់ ខណៈប្រតិបត្តិការស្វែងរកអ្នកបាត់ខ្លួន១០នាក់ទៀត កំពុងបន្ត

(ហ្សាការតា)៖ នៅថ្ងៃអង្គារនេះ ភ្នាក់ងារជួយសង្រ្គោះឥណ្ឌូណេស៉ីរាប់រយនាក់ កំពុងព្យាយាមប្រឹងប្រែងយ៉ាងខ្នះខ្នែង ដើម្បីតាមស្វែងរុករកអ្នកដើរឡើងភ្នំចំនួន១០នាក់ទៀត ដែលបានបាត់ខ្លួន ក្រោយហេតុការណ៍បន្ទុះភ្នំភ្លើងមួយ ដែលបានសម្លាប់មនុស្សយ៉ាងតិចចំនួន១៣នាក់។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៥ ខែធ្នូ ឆ្នាំ២០២៣។ អាជ្ញាធរឥណ្ឌូណេស៉ីបានឱ្យដឹងនៅថ្ងៃអង្គារនេះថា ចំនួនអ្នកដើរកម្សាន្តព្រៃភ្នំដែលត្រូវបានរកឃើញស្លាប់ ក្រោយហេតុការណ៍ផ្ទុះនៃភ្នំភ្លើង Marapi បានកើនដល់១៣នាក់ បន្ទាប់ពីសាកសព២នាក់ទៀត ទើបតែត្រូវបានរកឃើញ។

ប្រធានទីភ្នាក់ងាររុករកនិងជួយសង្រ្គោះនៃទីក្រុង Padang ក្នុងខេត្តស៊ូម៉ាត្រាខាងលិច បានប្រាប់ថា នាពេលនេះ តួលេខអ្នកស្លាប់គឺ១៣នាក់ ខណៈអ្នកបាត់ខ្លួន១០នាក់ទៀត កំពុងស្ថិតក្រោមការបន្តស្វែងរក។ សាកសពអ្នកឡើងភ្នំ២នាក់ថ្មី ត្រូវបានរកឃើញកាលពីយប់ថ្ងៃចន្ទ។

គួរបញ្ជាក់ថា ភ្នំភ្លើង Marapi គឺជាភ្នំភ្លើងសកម្មបំផុតនៅលើកោះស៊ូម៉ាត្រា ខណៈប្រទេសឥណ្ឌូណេស៉ី មានភ្នំភ្លើងសកម្មបំផុតសរុបជិត១៣០។ ភ្នំភ្លើងនេះបានផ្ទុះជះផេះនិងផ្សែង ខ្ពស់ឡើងទៅលើផ្ទៃអាកាសកម្ពស់ប្រហែល ៣,០០០ម៉ែត្រ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន ហើយសាកសពមនុស្ស១១នាក់ដំបូង ត្រូវបានរកឃើញកាលពីថ្ងៃចន្ទសប្តាហ៍នេះ៕

ដកស្រង់ពី៖ Fresh News