បណ្តាញសង្គម

ម៉ិកស៉ិកថា កំពុងជំរុញការគ្រប់គ្រងលំហូរជនចំណាកស្រុកទៅកាន់សហរដ្ឋអាមេរិក

លោក Andres Manuel Lopez Obrador ប្រធានាធិបតីម៉ិស៉ិក បាននិយាយកាលពីចុងសប្តាហ៍ថា រដ្ឋាភិបាលរបស់លោក បាននិងកំពុងពង្រឹងវិធានការដើម្បីទប់ស្កាត់ការធ្វើចំណាកស្រុក ហើយកំពុងជួយ សហរដ្ឋអាមេរិកទប់ទល់នឹងចំនួនមនុស្សដ៏ច្រើន ដែលព្យាយាមធ្វើដំណើរទៅកាន់ព្រំដែនសហរដ្ឋអាមេរិក។

ការអះអាងរបស់ លោក Lopez Obrador ធ្វើឡើងមួយថ្ងៃ បន្ទាប់ពីលោកបាននិយាយជាមួយ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក ដោយមេដឹកនាំទាំងពីរ បានឯកភាពគ្នាឲ្យមានការធ្វើសកម្មភាពបន្ថែម ទៀតនៅព្រំដែនរួមរបស់ពួកគេ ខណៈចំនួនជនចំណាកស្រុកបានរំខានដល់ការធ្វើពាណិជ្ជកម្មតាមព្រំដែន។

សូមបញ្ជាក់ថា ជនចំណាកស្រុកជាច្រើន កំពុងធ្វើដំណើរឆ្លងកាត់ប្រទេសម៉ិកស៉ិកទៅកាន់សហរដ្ឋអាមេរិក ដើម្បីគេចចេញពីអំពើហិង្សា វិបត្តិសេដ្ឋកិច្ច និងផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ។

បើតាម អង្គការសហប្រជាជាតិ (UN) ចំនួនអ្នកឆ្លងកាត់តំបន់ Darien Gap ដ៏គ្រោះថ្នាក់ ដែលស្ថិតនៅជាប់ ប្រទេសកូឡុំប៊ី និងតំបន់អាមេរិកកណ្តាល បានកើនឡើងដល់កន្លះលាននាក់ក្នុងឆ្នាំ ២០២៣នេះ ដោយកើន ឡើងទ្វេដងបើធៀបនឹងឆ្នាំ ២០២២ នេះបើតាមការផ្សាយរបស់ Reuters ។