បណ្តាញសង្គម

អ៉ីរ៉ង់ គំរាមបិទច្រកសមុទ្រមេឌីទែរ៉ាណេ ជុំវិញសង្គ្រាមនៅហ្គាហ្សា ដោយមិនប្រាប់ថាធ្វើតាមរបៀបណា

 សារព័ត៌មានអ៉ីរ៉ង់ Tasnim កាលពីថ្ងៃសៅរ៍ បានដកស្រង់សម្តីមេបញ្ជាការកងបដិវត្តន៍អ៉ីរ៉ង់ ដែលនិយាយថា ច្រកសមុទ្រមេឌីទែរ៉ាណេ អាចនឹងត្រូវបិទ ប្រសិនបើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបន្តប្រព្រឹត្ត «បទឧក្រិដ្ឋកម្ម» នៅក្នុងតំបន់ហ្គាហ្សា ប៉ុន្តែមិនបានពន្យល់ទេថា វាអាចធ្វើឡើងដោយរបៀបណានោះ។

អ៉ីរ៉ង់ គឺជាអ្នកគាំទ្រក្រុមហាម៉ាសប្រឆាំងអ៉ីស្រាអែល ហើយបានចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងគាំទ្រនូវអ្វីដែលខ្លួនហៅថា ជាបទឧក្រិដ្ឋកម្មប្រព្រឹត្តដោយអ៉ីស្រាអែលនៅតំបន់ហ្គាហ្សា ដោយការទម្លាក់គ្រាប់បែកសម្លាប់មនុស្សរាប់ពាន់នាក់ និងធ្វើឲ្យប្រជាជនភាគច្រើនត្រូវចេញពីផ្ទះសម្បែង។

សូមបញ្ជាក់ថា អ៉ីរ៉ង់ មិនអាចចូលទៅកាន់ច្រកសមុទ្រមេឌីទែរ៉ាណេបានដោយផ្ទាល់នោះទេ ហើយគេមិនប្រាកដទេថា កងបដិវត្តន៍ អាចបិទផ្លូវនេះតាមរបៀបណា។

ក្រុមតែមួយគត់ ដែលគាំទ្រដោយអ៉ីរ៉ង់នៅលើសមុទ្រមេឌីទែរ៉ាណេ គឺហេសប៊ូលឡារបស់លីបង់ ឬកងជីវពលសម្ព័ន្ធមិត្តនៅក្នុងប្រទេសស៉ីរី ដែលអាចចូលទៅតាមច្រក Gibraltar នេះបើតាមការផ្សាយរបស់ Reuters ។