បណ្តាញសង្គម

ហ្វីលីពីន រំពឹងថា នឹងអាចចាកចេញពីបញ្ជីពណ៌ប្រផេះ របស់អង្គការប្រយុទ្ធប្រឆាំងការលាងលុយកខ្វក់សកល ក្នុងឆ្នាំនេះ

 កាលពីថ្ងៃអង្គារ ក្រុមប្រឹក្សាជាតិប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់របស់ហ្វីលីពីន បាននិយាយថា ប្រទេសអាស៊ានមួយនេះ រំពឹងថា នឹងអាចត្រូវបានដកចេញពីបញ្ជីពណ៌ប្រផេះនៃអង្គការក្រុមការងារ ហិរញ្ញវត្ថុ ហៅកាត់ FATF នៅក្នុងឆ្នាំ២០២៤នេះ។

FATF ដែលជាអង្គការអន្តរជាតិមួយ ធ្វើការងារប្រយុទ្ធប្រឆាំងនឹងសកម្មភាពលាងលុយកខ្វក់ និងសកម្មភាព ហិរញ្ញប្បទានភេរវកម្ម បានបញ្ចូលហ្វីលីពីនទៅក្នុងបញ្ជីឈ្មោះ កាលពីខែមិថុនា ឆ្នាំ២០២១ ក្រោមហេតុផល មួយចំនួន រួមមានទាំងហានិភ័យនៃការលាងលុយ ពីអាជីវកម្មកាស៉ីណូ និងកង្វះខាតការកាត់ទោស បទ ល្មើសផ្តល់មូលនីធិភេរវកម្ម។

ប្រធានក្រុមប្រឹក្សាប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់ហ្វីលីពីន បានប្រាប់សន្និសីទសារព័ត៌មានថា ហ្វីលីពីន នៅមិនទាន់បានដោះស្រាយបញ្ហាមួយចំនួនដែល FATF លើកឡើងនៅឡើយទេ។

បញ្ហាដ៏សំខាន់បំផុតនោះ គឺការកាត់ទោសចំពោះបទល្មើសផ្តល់ហិរញ្ញប្បទានភេរវកម្ម ដែលយើងត្រូវតែដោះស្រាយបន្ថែម។ កាលណាហ្វីលីពីន ស្ថិតក្នុងបញ្ជីពណ៌ប្រផេះកាន់តែយូរ នឹងមានឱកាសកាន់តែខ្ពស់ក្នុងការធ្លាក់ចូលក្នុងបញ្ជីខ្មៅ។

សូមបញ្ជាក់ថា នៅពេលចូលក្នុងបញ្ជីខ្មៅ FATF នឹងតម្រូវឲ្យមានលក្ខខណ្ឌរឹងតែតឹងរ៉ឹង និងថ្លៃប្រតិបត្តិការហិរញ្ញវត្ថុការខ្ពស់ខ្លាំង សម្រាប់ប្រជាជនហ្វីលីពីនរាប់លាននាក់ ដែលកំពុងរស់នៅនិងធ្វើការនៅបរទេស ក្នុងការផ្ញើរប្រាក់មកកាន់ស្រុកកំណើត នេះបើតាមការផ្សាយរបស់ Reuters ។