បណ្តាញសង្គម

ភ្លៀងធ្លាក់ឥតឈប់ឈរ បង្កការបំផ្លិចបំផ្លាញនៅទូទាំងភាគខាងកើតអូស្រ្តាលី

ភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់ភ្លាមៗនៅពាសពេញផ្នែកភាគខាងកើតប្រទេសអូស្ត្រាលី កាលពីថ្ងៃអង្គារ ដោយទឹក បានជន់លិចផ្លូវ កាត់ផ្តាច់ទីក្រុង បំផ្លាញទ្រព្យសម្បត្តិ ខណៈអាជ្ញាធរ បានណែនាំដល់អ្នកស្រុកនៅ តំបន់ទំនាប ឲ្យផ្លាស់ទៅកាន់ទីទួលខ្ពស់មានសុវត្ថិភាព។

តំបន់ជាច្រើននៅទូទាំងភាគអាគ្នេយ៍នៃរដ្ឋ Queensland និងភាគខាងជើងនៃរដ្ឋ New South Wales បានជួបប្រទះនូវភ្លៀងធ្លាក់ខ្លាំង ក្នុងរយៈពេល ២ខែចុងក្រោយនេះ ដោយមនុស្សជាច្រើន ត្រូវបានជួយសង្គ្រោះពីកន្លែងបោះជំរំ ដែលជាធម្មតាមានមនុស្សច្រើន អំឡុងថ្ងៃសម្រាកចុងសប្តាហ៍។

អភិបាលរងរដ្ឋ Queensland បានជំរុញដល់ប្រជាជនចៀសវាងធ្វើដំណើរនៅលើផ្លូវ រហូតដល់ស្ថានភាព អាកាសធាតុធូរស្រាលវិញ។ បើតាមការព្រមានរបស់ការិយាល័យឧតុនិយម ភ្លៀងធ្លាក់កម្រិត ៣៥០ មីលីម៉ែត្រ ត្រូវបានព្យាករក្នុងរយៈពេល ២៤ម៉ោងបន្ទាប់ ហើយឥទ្ធិពលនៃអាកាសធាតុបែបនេះ នឹងគ្រប ដណ្តប់លើចម្ងាយជាង ២៥០គីឡូម៉ែត្រ កាត់តាមតំបន់ Wide Bay Burnett និងភាគអាគ្នេយ៍នៃរដ្ឋ Queensland។

សូមបញ្ជាក់ថា បាតុភូតអាកាសធាតុ El Nino ដែលអាចបង្កជាភ្លើងឆេះព្រៃ ព្យុះស៊ីក្លូន និងគ្រោះរាំងស្ងួត រយៈពេលវែង ក៏កំពុងជះឥទ្ធិពលដល់ប្រទេសអូស្រ្តាលីផងដែរ នៅក្នុងរដូវក្តៅ ចាប់ពីខែធ្នូ ដល់ខែកុម្ភៈ។