បណ្តាញសង្គម

តៃវ៉ាន់ រាយការណ៍ពីវត្តមានបាឡុងចិន ៤គ្រឿង មុនការបោះឆ្នោតសកល

ក្រសួងការពារជាតិតៃវ៉ាន់ កាលពីថ្ងៃពុធ បានឱ្យដឹងថា បាឡុង៤គ្រឿងរបស់ចិន ត្រូវបានប្រទះឃើញហោះ ឆ្លងកាត់ខ្សែបន្ទាត់កណ្ដាលច្រកសមុទ្រតៃវ៉ាន់ ហើយក្នុងនោះមានបាឡុង ៣គ្រឿង បានហោះពីលើដែន កោះតៃវ៉ាន់។

រូបភាពក្រាហ្វិកមួយចេញផ្សាយដោយក្រសួងការពារជាតិតៃវ៉ាន់ បានបង្ហាញពីបាឡុង៣គ្រឿង បានហោះក្នុង ទិសដៅ ឆ្ពោះទៅភាគឦសាន ដោយហោះពីលើកោះតៃវ៉ាន់ កាលពីថ្ងៃអង្គារ បន្ទាប់ពីត្រូវបានប្រទះឃើញ នៅក្បែរមូលដ្ឋានទ័ពអាកាស Ching-Chuan-Kang ស្ថិតនៅក្នុងទីក្រុង Taichung នៃភាគខាងលិច កោះតៃវ៉ាន់។

តាមក្រសួងការពារជាតិតៃវ៉ាន់ ក្នុងចំណោមបាឡុងរបស់ចិនទាំងនោះ មានបាឡុងមួយហោះ នៅរយៈកម្ពស់ ៣,៦៥៨ម៉ែត្រ។ សូមបញ្ជាក់ថា សេចក្ដីរាយការណ៍ពីវត្តមានបាឡុងចិន កើតមានឡើងមិនដល់ ២សប្ដាហ៍ទៀតទេ តៃវ៉ាន់ នឹង ត្រូវរៀបចំការបោះឆ្នោតសកល ដើម្បីជ្រើសរើសមេដឹកនាំថ្មីរបស់ខ្លួន។

ក្រសួងការពារជាតិតៃវ៉ាន់ បានចាប់ ផ្ដើមរាយការណ៍ពីវត្តមានបាឡុងចិនជាលើកដំបូងតាំងពីខែធ្នូ ឆ្នាំ២០២៣។

ចំណែកអ្នកជំនាញយោធាម្នាក់ មកពីវិទ្យាស្ថានការពារជាតិ និងស្រាវជ្រាវសន្តិសុខរបស់តៃវ៉ាន់ បាននិយាយថា វត្តមានបាឡុងរបស់ចិន គឺ ជាការសម្លុតគំរាមខាងយោធា និងជាសង្រ្គាមចិត្តសាស្ត្រ នេះបើតាមការផ្សាយរបស់ AFP។