បណ្តាញសង្គម

រុស្ស៉ីនិងអ៊ុយក្រែន ដោះដូរឈ្លើយសឹកក្នុងទ្រង់ទ្រាយធំ ក្រោយមានការជួយសម្រុះសម្រួលពីអេមីរ៉ាតអារ៉ាប់រួម

កាលពីថ្ងៃពុធសប្តាហ៍នេះ អ៊ុយក្រែន និងរុស្ស៉ី បានប្រកាសពីការដោះដូរអ្នកទោសសង្រ្គាមទៅវិញទៅមក ដែលជាលើកដំបូងបើគិតក្នុងរយៈពេលជិត៥ខែ ដោយឈ្លើយសឹកប្រមាណជាង២០០នាក់ ត្រូវបានដោះ លែងដោយភាគីម្ខាងៗ បន្ទាប់ពីដំណើរការចរចាដ៏ស្មុគស្មាញមួយ ដែលមានការចូលរួមជួយសម្រុះសម្រួល ពីសំណាក់អេមីរ៉ាតអារ៉ាប់រួម។

ក្រសួងការពារជាតិរុស្ស៉ី បាននិយាយថា សមាជិកយោធារុស្ស៉ីចំនួន២៤៨នាក់ ត្រូវបានអ៊ុយក្រែនដោះលែង ខណៈខាងទីក្រុងកៀវបានអះអាងថា ខ្លួនទទួលបានមនុស្សសរុប២៣០នាក់មកវិញ ក្នុងនោះមានទាហាន ២២៤នាក់ និងជនស៉ីវិល៦នាក់ បន្ទាប់ការដោះលែងដោយរុស្ស៉ី។ បើតាមអ៊ុយក្រែន វា គឺជាការដោះលែង ឈ្លើយសឹកចំនួនច្រើនបំផុតរវាងភាគីទាំងពីរ បើគិតតាំងពីការចាប់ផ្តើមនៃសង្រ្គាម មកទល់នឹងពេលនេះ។

សូមបញ្ជាក់ថា ទោះបីជាមិនសូវមានការចរចាគ្នារកមធ្យោបាយដើម្បីបញ្ចប់សង្រ្គាម ដែលមកទល់ឥឡូវអូស បន្លាយពេល២២ខែ មកហើយក៏ដោយ ទាំងទីក្រុងមូស្គូ និងទីក្រុងកៀវ បានធ្វើការដោះដូរឈ្លើយសឹកជា ច្រើនលើក គិតចាប់តាំងអំលុងប៉ុន្មានខែដំបូង ក្រោយសង្រ្គាមផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២។

ក៏ប៉ុន្តែ អត្រានៃការដោះដូរអ្នកទោសសង្រ្គាមរវាងភាគីទាំងពីរ បានថយចុះវិញកាលពីក្នុងឆ្នាំ២០២៣។

មុនឈាន ដល់ការដោះដូរខាងលើ លើកចុងក្រោយដែលរុស្ស៉ី និងអ៊ុយក្រែន បានដោះដូរឈ្លើយសឹកគ្នា គឺកាលពីខែ សីហា ឆ្នាំមុន នេះបើតាមការផ្សាយរបស់ Reuters ។