បណ្តាញសង្គម

របបសឹកមីយ៉ាន់ម៉ា នឹងដោះលែងអ្នកទោស ៩,៦៥២នាក់ ក្រោមហេតុផលមនុស្សធម៌

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា បានផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលយោធា នឹងដោះលែងអ្នក ទោសចំនួន ៩,៦៥២នាក់ ដោយក្នុងនោះរួមមានជនបរទេសចំនួន ១១៤នាក់ ក្រោមការលើកលែងទោស ដើម្បីប្រារព្ធទិវាឯករាជ្យជាតិ។

យោធានៃរបបសឹកមីយ៉ាន់ម៉ា បានបញ្ជាក់ក្នុងសេចក្តីប្រកាសខ្លីមួយតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា «ក្នុងចេតនា រក្សាទំនាក់ទំនងជាមួយប្រទេសផ្សេងទៀត និងផ្អែកលើហេតុផលមនុស្សធម៌ អ្នកទោសបរទេសចំនួន ១១៤ នាក់ នឹងត្រូវលើកលែងទោស។

ពួកគេនឹងត្រូវបញ្ជូនទៅប្រទេសដើមវិញ»។ យ៉ាងនេះក្តីនៅក្នុងចំណោមអ្នក ដែលត្រូវដោះលែងមិនមាន លោកស្រី អោងសាន ស៊ូជី នោះទេ ដោយយោធានិយាយថា រឿងក្តីរបស់ លោកស្រី ដំណើរការត្រឹមត្រូវដោយតុលាការឯករាជ្យ។

បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នៅឯទីក្រុង ពាណិជ្ជកម្ម Yangon មនុស្សជាច្រើនបានប្រមូលផ្តុំគ្នានៅខាងក្រៅពន្ធនាគារ Insein ដើម្បីចាំទទួលយក អ្នកទោស ដែលត្រូវបានដោះលែង។

សូមបញ្ជាក់ថា ជាធម្មតា អាជ្ញាធរ នឹងដោះលែងអ្នកទោសមួយចំនួន ដើម្បីប្រារព្ធទិវាដែលមីយ៉ាន់ម៉ា ប្រកាសឯករាជ្យពីការគ្រប់គ្រងរបស់អង់គ្លេស នេះបើតាមការផ្សាយរបស់ Reuters ។