បណ្តាញសង្គម

តុលាការកំពូលអាមេរិក នឹងសម្រេចថាតើលោក ត្រាំ អាចឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតី បាន ឬអត់?

 (វ៉ាស៊ីនតោន)៖ តុលាការកំពូលរបស់សហរដ្ឋអាមេរិក នៅថ្ងៃសុក្រ ទី៥ ខែមករានេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានយល់ព្រមថានឹងបើកសវនាការ លើបណ្ដឹងរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្ដឹងជំទាស់នឹងសាលក្រមសម្រេចរបស់តុលាការកំពូលប្រចាំរដ្ឋ Colorado ដែល ហាមមិនឱ្យរូបលោកឈរឈ្មោះនៅក្នុងការបោះឆ្នោតបឋមរបស់គណបក្សសាធារណរដ្ឋនៅក្នុងឆ្នាំ២០២៤នេះ។

តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។ តុលារកំពូលប្រចាំរដ្ឋ Colorado កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ បានចេញសាលក្រមមួយដោយសម្រេចហាមមិនឱ្យលោក ត្រាំ ឈរឈ្មោះ នៅក្នុងការបោះឆ្នោតបឋម ឬការបោះឆ្នោតជ្រើសរើសបេក្ខជនប្រធានាធិបតីតំណាងឱ្យគណបក្សសាធាណរដ្ឋ នៅក្នុងរដ្ឋ Colorado ឡើយ។

ការសម្រេចបែបនេះធ្វើឡើងដោយផ្អែកលើតុលាការ រកឃើញថាលោក ដូណាល់ ត្រាំ មានជាប់ពាក់ព័ន្ធនឹងការវាយប្រហារលើវិមាន Capitol កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ដោយក្រុមអ្នកគាំទ្ររបស់លោក ហើយដែលការវាយប្រហារនេះដែរត្រូវបានចាត់ទុកថាជាសកម្មភាពបះបោរ ត្រូវបានហាមឃាត់នៅក្នុងច្បាប់វិសោធនកម្មទី១៤ នៃរដ្ឋធម្មនុញ្ញអាមេរិក។

ច្បាប់វិសោធនកម្មទី១៤ បានកំណត់ថាអ្នកចូលរួម ឬមានជាប់ពាក់ព័ន្ធ ក្នុងសកម្មភាពបះបោរ ឬក៏សកម្មភាពឧទ្ទាម គឺមិនអាចកាន់តំណែងនៅសេតវិមានបានទេ។ តាមសេចក្ដីប្រកាសរបស់តុលាការកំពូលអាមេរិក សវនាការលើបណ្ដឹងរបស់លោក ដូណាល់ ត្រាំ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៨ ខែកម្ភៈក្រោយនេះ ខណៈការបោះឆ្នោតឆ្នោតបឋមរបស់បក្សសាធារណរដ្ឋ ក្នុងរដ្ឋ Colorado នឹងត្រូវធ្វើឡើងនៅថ្ងៃទី៥ ខែមីនា។

អំឡុងការប្ដឹងជំទាស់នេះ ឈ្មោះរបស់លោក ត្រាំ នៅតែមានលើសន្លឹកឆ្នោត ដោយត្រូវរង់ចាំការសម្រេចពីតុលាការកំពូលសិន។ ប៉ុន្តែ ប្រសិនបើតុលាការកំពូលសម្រេចតម្កល់ សាលក្រមរបស់តុលាការកំពូលប្រចាំរដ្ឋ Colorado ទុកជាបានការ នោះរាល់សន្លឹកឆ្នោតដែលគេបោះឱ្យលោក ត្រាំ នឹងត្រូវចាត់ទុកជាមោឃៈ។

គួរបញ្ជាក់ថា ក្រៅពីរដ្ឋ Colorado លោក ត្រាំ ក៏កំពុងប្ដឹងជំទាស់នឹងតុលាការក្នុងរដ្ឋ Maine ផងដែរដែលបានសម្រេចហាមមិនឱ្យលោកឈរឈ្មោះ ក្នុងការបោះឆ្នោតបឋម ដោយយកច្បាប់វិសោធនកម្មទី១៤ នៃរដ្ឋធម្មនុញ្ញអាមេរិក យកមកធ្វើជាសំអាងក្នុងការសម្រេចចិត្តនេះ។

តុលាការកំពូល អាមេរិក មានចៅក្រម៩រូប ដោយក្នុងនោះមានចៅក្រម ៦នាក់ ត្រូវបានតែងតាំងដោយប្រធានាធិបតីមកពីគណបក្សសាធាណរដ្ឋ ហើយក្នុងចំណោម ចៅក្រមអភិរក្សនិយមទាំងនេះទៀតសោត មានចៅក្រម ៣នាក់ត្រូវបានតែងតាំងដោយលោក ដូណាល់ ត្រាំផ្ទាល់ដៃ៕

ដកស្រង់ពី៖ Fresh News