បណ្តាញសង្គម

លោក ចូ បៃដិន និងលោក ដូណាល់ ត្រាំ ផ្លោងសម្ដីដៀមដាមដាក់គ្នា ក្នុងថ្ងៃខួបនៃការវាយប្រហារលើវិមាន Capitol

  ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានចោទប្រកាន់លោក ដូណាល់ ត្រាំ ត្រង់ៗថាជាអ្នកញុះញង់ឱ្យ អ្នកគាំទ្ររបស់ខ្លួនវាយប្រហារអុឡុកចូលវិមាន Capitol កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ហើយមានគម្រោងសងសឹកទៅនឹងអ្នកទាំងឡាយណាដែលលោកចាត់ទុកថាជា សត្រូវនយោបាយ។

នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៦ ខែមករា ឆ្នាំ២០២៤។ លោក ចូ បៃដិន ធ្វើការកត់សម្គាល់ខាងលើទៅកាន់អ្នកគាំទ្រ អំឡុងប្រារព្ធខួប ៣ឆ្នាំនៃការវាយប្រហារលើវិមាន Capitol ដោយអ្នកគាំទ្រលោក ដូណាល់ ត្រាំ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។

ដោយចង់សំដៅលើព្រឹត្តិការណ៍នេះ ប្រធានាធិបតីអាមេរិកវ័យ៨១ឆ្នាំរូបនេះបានលើកឡើងថាលោក ត្រាំ បានប្រាប់ក្រុមអ្នកគាំទ្រឱ្យចូលអុកឡុកវិមាន Capitol។ បន្ថែមពីលើនេះ លោក បៃដិន ក៏បានអះអាងដែរថាលោក ដូណាល់ ត្រាំ កំពុងព្យាយាមត្រឡប់ទៅមកកាន់អំណាចឡើងវិញ ក្នុងគោលបំណងសងសឹកចំពោះអ្នក ដែលលោកហៅថាសត្រូវនយោបាយ ហើយដែលនេះជាការគំរាមកំហែងធ្ងន់ធ្ងរដល់ប្រជាធិបតេយ្យ។

«ប្រជាធិបតេយ្យកំពុងស្ថិតនៅលើសន្លឹកឆ្នោត។ សេរីភាពរបស់អ្នក ក៏កំពុងស្ថិតនៅលើសន្លឹកឆ្នោតដែរ»។ នេះជាសាររបស់លោក ចូ បៃដិនផ្ញើទៅកាន់ប្រជាជនអាមេរិក។ យ៉ាងណាដោយ ជាការវាយបកទៅនឹងលោក បៃដិន លោក ដូណាល់ ត្រាំ បានចាត់ទុកថាការលើកឡើងរបស់លោក បៃដិន គឺជាការបង្ហាញពីភាពទន់ជ្រាយ ហើយថាលោក បៃដិនជាមនុស្សម្នាក់ចូលចិត្តបំប៉ោងការភ័យខ្លាច។

លោក ត្រាំ បានគូសបញ្ជាក់ប្រាប់ក្រុមអ្នកគាំទ្ររបស់លោក ក្នុងរដ្ឋ Iowa ដូច្នេះថា «កំណត់ត្រារបស់លោក បៃដិន គឺភាពទន់ជ្រាយ អសមត្ថភាព ពុករលួយ និងបរាជ័យ...ហើយនេះជាហេតុផលដែល «ចូ (ចូ បៃដិន)» ចូលចិត្តធ្វើឱ្យគេអាណិត និងបំប៉ោងការភ័យខ្លាច»។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានកាន់តំណែងជាប្រធានាធិបតីអាមេរិកពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ហើយបានចាញ់លោក ចូ បៃដិន ក្នុងការបោះឆ្នោតប្រធានាធិបតី ក្នុងឆ្នាំ២០២០។ តែក្រោយការបរាជ័យនេះ លោក ត្រាំ បានអះអាងដោយគ្មានភស្តុតាងថាការបោះឆ្នោតនេះមានការលួចបន្លំសន្លឹកឆ្នោត និងបានធ្វើអត្ថាធិប្បាយជាច្រើន ដែល បង្កប់ខ្លឹមសារជំរុញឱ្យអ្នកគាំទ្ររបស់លោកចូលអឡុកវិមាន Capitol ដើម្បីរារាំងកុំឱ្យសភាអាមេរិកប្រកាសទទួលស្គាល់ជ័យជម្នះរបស់លោក ចូ បៃដិន។

ការអឡុកនេះដែរ បានបណ្ដាលទៅជាអំពើហិង្សាសម្លាប់មនុស្ស ៥នាក់ និងមន្ត្រីប៉ូលិសរាប់សិបនេះរងរបួស៕

ដកស្រង់ពី៖ Fresh News