បណ្តាញសង្គម

ការបោះឆ្នោតសកលនៅបង់ក្លាដែសចាប់ផ្តើម ដោយគ្មានវត្តមានគណបក្សប្រឆាំង

នាយករដ្ឋមន្រ្តីបង់ក្លាដែស លោកស្រី Sheikh Hasina បានហៅ គណបក្សប្រឆាំងធំជាងគេ ដែលធ្វើពហិការចំពោះការបោះឆ្នោតសកលកាលពីថ្ងៃអាទិត្យ គឺជាអង្គការភេរវកម្ម ហើយបានអះអាងថា លោកស្រីកំពុងព្យាយាមធានាឱ្យប្រទេសបង់ក្លាដែស នៅតែបន្តជាប្រទេសប្រជាធិបតេយ្យ។

គណបក្សជាតិនិយមបង់ក្លាដែស ហៅកាត់ BNP ស្ថិតក្នុងចំណោមគណបក្សជាច្រើនផ្សេងទៀត ដែលបានសម្រេចចិត្តមិនចូលរួមប្រកួត ក្នុងការបោះឆ្នោតសកលដែលប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យនោះឡើយ ក្រោមហេតុផលថា វា គឺជាការបោះឆ្នោតក្លែងក្លាយមួយ ដែលនឹងពុំមានលក្ខណៈសេរី ឬយុត្តិធម៌នោះទេ។

ក្រុមប្រឆាំង ក៏បានអំពាវនាវឱ្យប្រជាជនបង់ក្លាដែស កុំទៅបោះឆ្នោតថែមទៀតផង។ សូមបញ្ជាក់ថា ប៉ុន្មានខែមកហើយ ក្រុមប្រឆាំងបានទាមទារឱ្យលោកស្រី Hasina ដែលកាន់អំណាចតាំងតែពីឆ្នាំ២០០៩មក ចុះពីតំណែងរួចផ្ទេរអំណាចឱ្យរដ្ឋាភិបាលអព្យាក្រឹតមួយ ដើម្បីត្រួតពិនិត្យ និងគ្រប់គ្រងដំណើរការបោះឆ្នោត ក៏ប៉ុន្តែលោកស្រី បានបដិសេធយ៉ាងរឹងមាំ នេះបើតាមការផ្សាយរបស់ AFP ។