បណ្តាញសង្គម

រុស្ស៉ីជម្លៀសប្រជាជន៣០០នាក់ចេញពីទីក្រុង Belgorod ដោយសារការវាយប្រហាររបស់អ៊ុយក្រែន

(កៀវ)៖ អភិបាលតំបន់ Belgorod Oblast នៃប្រទេសរុស្ស៉ី បានអះអាងនៅថ្ងៃចន្ទនេះថា អាជ្ញាធរបានជម្លៀស មនុស្សប្រហែល៣០០នាក់ ដែលរស់នៅក្នុងទីក្រុង Belgorod ជាទីក្រុងមួយស្ថិតក្បែរព្រំប្រទល់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី៨ ខែមករា ឆ្នាំ២០២៤។

អភិបាលតំបន់ Belgorod Oblast លោក Vyacheslav Gladkov បាននិយាយដូច្នេះថា «ប្រជាជនខ្ទង់៣០០នាក់ នៃទីក្រុង Belgorod ដែលបានសម្រេចចិត្តជម្លៀសខ្លួនមួយរយៈសិន នាពេលនេះកំពុងជ្រកកោនជាបណ្តោះអាសន្ន នៅតាមក្រុងដទៃទៀតដូចជា Stary Oskol, Gubkin និង Korochansky ដែលមានទីតាំងនៅឆ្ងាយពីព្រំប្រទល់អ៊ុយក្រែន»។

កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ លោក Gladkov បានផ្តល់ឱកាសឱ្យប្រជាជនរុស្ស៉ីរស់នៅក្នុងទីក្រុង Belgorod ដែលមានចម្ងាយមិនដល់៣០គីឡូម៉ែត្រឡើយនោះពីព្រំប្រទល់អ៊ុយក្រែន ជម្លៀសខ្លួនទៅកាន់កន្លែងផ្សេង ខណៈប៉ុន្មានសប្តាហ៍ចុងក្រោយនេះ Belgorod បានស្ថិតក្រោមការវាយប្រហារកើនឡើងពីអ៊ុយក្រែន។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន លើទីក្រុង Belgorod បានផ្តាច់ជីវិតមនុស្ស២៥នាក់ ដែលហេតុការណ៍ស្លាប់ជនស៉ីវិលច្រើនបំផុតនៅខាងទឹកដីរុស្ស៉ី គិតចាប់តាំងពីសង្រ្គាមបានផ្ទុះឡើង កាលពីខែកុម្ភៈ ឆ្នាំ២០២២។

ការវាយប្រហារនោះបានកើតមាន ក្រោយការបាញ់ស្រោចមីស៉ីលនិងដ្រូនយ៉ាងធំសម្បើមមួយដោយរុស្ស៉ី លើអ៊ុយក្រែន ដែលបានសម្លាប់មនុស្សជិត៤០នាក់៕

ដកស្រង់ពី៖ Fresh News